ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកបុកម៉ូតូក្មេងស្រី២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីវ័យជំទង់២នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈបើកម៉ូតូត្រូវរថយន្តបែនដឹកដីបុក ។ ហេតុ ការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ A ចំណុចខាងលិចវត្តអូរសំព័រ ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកបេន សំអាត អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះឈ្មោះកង សុភ័ក្រ អាយុ១៦ឆ្នាំ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកបើកបរម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G.9370 និងអ្នករួមដំណើរម្នាក់ឈ្មោះ វ៉ាន់ នី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។

លោកអធិការបានបន្តថា៖ នៅមុនពេលកើតហេតុមានរថយន្ត១គ្រឿង ម៉ាកកាម៉ាស ពណ៌លឿង ពាក់ស្លាកលេខ ភ.ព ក ២១០៨ បើកបរដោយឈ្មោះ នី ភេទប្រុសអាយុប្រហែល៣៥ឆ្នាំ បានធ្វើដំណើរក្នុង ទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវដោយមិនប្រយ័ត្ន ស្របពេលនោះ ម៉ូតូក្មេងស្រីរងគ្រោះក៏បានធ្វើដំណើរពីទិសខាងកើតទៅលិច (អ្នកបើកបរនិងអ្នកជិៈមិនពាក់មួកសុវត្ថិភាព) បានជ្រុលទៅបុករថយន្ត បណ្តាលរងរបួសធ្ងន់បែកក្បាលធ្ងន់ទាំង២នាក់ ត្រូវបានបងប្អូនដឹកទៅសង្រ្គោះនៅមន្ទីរពេទ្ យ។

លោកអធិការបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តប្តូរទិសមិនប្រយ័ត្ននិងមិនគោរពសិទ្ធអាទិភាពផ្លូវម៉ូតូ ក្រោយពីកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្ឡែងកើតហេតុ បច្ចុប្បន្នម៉ូតូ និងរថយន្ត ត្រូវបានកម្លាំងជំនាញនគរ  បាលចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖