ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងផ្សព្វផ្សាយការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរផ្សាភ្ជាប់នឹងការអប់រំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ទីរកិច្ចការនារីខេត្តបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរផ្សាភ្ជាប់ និងការអប់រំយុវជន ក្រោមប្រធានបទយុវវ័យ និងប្រព័ន្ធបច្ចេកវិទ្យា ។

វេទិកាធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី កែវ សាវឿន ប្រធានគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាអភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី កុត ប៊ុនមី អនុប្រធានគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស ស យ ក និងប្រជាពលរដ្ឋមួយចំនួន អញ្ចើញចូលរួមស្វែងយល់ក្នុងវេទិកានេះផងដែរ ។

លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាប្រធានមន្ទីរកិច្ចការនារីខេត្ត បានឲ្យដឹងថា ពាក់ព័ន្ធ និងការផ្សព្វផ្សាយសីលធម៌សង្គម កន្លងមកនេះគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខែ្មរបានអនុវត្តន៍ការងារយ៉ាងសកម្មទៅលើសកម្មភាពអប់រំ ផ្សព្វផ្សាយដើម្បីឲ្យមជ្ឈដ្ឋានទូទៅបានជ្រួតជ្រាប ។

លោកស្រីបន្ថែមថា កន្លងមកក្រុមការងារធ្លាប់រៀបចំជាវេទិកាសំណួរចម្លើយតាមបណ្តាភូមិឃុំ អនុវិទ្យាល័យ និងវិទ្យាល័យពាក់ព័ន្ធ និងសីលធម៌សង្គម និងតម្លៃស្ត្រីនេះ ។ ជាលទ្ធផលបង្ហាញថាបញ្ហាប្រឈមជាច្រើននៅតែបន្តកើតមានឡើងតាមរយះឥរិយាបទ អាកប្បកិរិយា ទង្វើមិនថ្លៃថ្នូរបស់មនុស្សក្នុងសង្គម តាមរយះការស្លៀកពាក់ខើចមុខខើចក្រោយ ប្រព័ន្ធអេឡិចត្រូនិច ព័ត៌មានវិទ្យា រូបអាសភាស ជាទម្រង់នៃអំពើអសីលធម៌ ធ្វើឲ្យប៉ះពាល់លើភាពថ្លៃថ្នូររបស់ប្រពៃណីខ្មែរហើយអាចបង្ករជាអំពើហិង្សាទៅលើស្ត្រី និងកុមារ ។

លោកស្រី កែវ សាវឿន ប្រធានគណៈកម្មាធិកាខេត្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរ និងជាអភិបាលរងនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា បញ្ហាសីលធម៌សង្គក៏ពាក់ព័ន្ធ និងបច្ចេកវិទ្យាទំនើបផងដែរ ជាក់ស្តែងយុវវ័យភាគច្រើនបានយកមធ្យោបាយព័ត៌មានវិទ្យាជាទុនក្នុងការទំនាក់ទំនង ស្វែងរកព័ត៌មាន និងចំណេះដឹងថ្មីៗ ប៉ុន្តែប្រសិនបើពួកគេយកទៅប្រើប្រាស់ក្នុងខុសឆ្គងណាមួយដោយទុច្ចរិក បង្កឲ្យមានអសីលធម៌នៅតាមបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធឺណែត គឺជាប្រភពមួយជំរុញឲ្យមានការចាប់រំលោភសេពសន្ថវៈ អំពើហិង្សា និងការជួញដូរមនុស្ស ឆក់ ប្លន់ជាដើម ។

លោកស្រី កែវ សាវឿន អភិបាលរងខេត្តបន្ត និងជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំប្រឹងផ្សព្វផ្សាយ អប់រំស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខែ្មរជាបន្តទៀត ដើម្បីឲ្យសង្គមកម្ពុជាក្លាយជាសង្គមដែលមានភាពថ្លៃថ្នូ និងលុបបំបាត់បាននូវរាល់បញ្ហាអសីលធម៌ដែលអាចកើតមានឡើង ។

ជាមួយគ្នានេះលោកស្រី ក៏បានសំដែងនូវការកោតសរសើរ ចំពោះមន្ទីរកិច្ចការនារីខេត្ត ដែលមានកិច្ចសហការល្អជាមួយនឹងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរអប់រំយុវជន និងកីឡាដែលបានជំរុញឲ្យក្មេងស្រីទទួលបានឱកាសក្នុងការសិក្សាខ្ពង់ខ្ពស់ ដូចក្មេងប្រុស ជាពិសេសសអប់រំ បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញ សមត្ថភាព សេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ ជំរុញឲ្យយុវវ័យស្រឡាញ់ និងការពារអត្តសញ្ញាណ និងវប្បធម៌ជាតិយើង ៕ មាស សុផាត


ចែករំលែក៖