ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាក្រុមការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្តួចផ្តើម “កម្មវិធីសម្អាតរបស់ណាហ្គាវើលដ៍” ដោយសហការជាមួយអង្គការ GoGreen Cambodia។ ដោយបានចូលរួមក្នុងទិវាសម្អាតពិភពលោកកាលពីខែកញ្ញាក្នុងឆ្នាំមុន ណាហ្គាវើលដ៍បេះដូងសប្បុរសក្នុងឆ្នាំនេះបានបន្តជួយលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃផលិតផលប្លាស្ទិកដែលប្រើម្តងចោល និងវិធីគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ អ្នកស្ម័គ្រចិត្តជាង ៥៣០ នាក់ដែលក្នុងនោះមានបុគ្គលិកណាហ្គាវើលដ៍ សិស្សានុសិស្ស និងប្រជាជននៅក្នុងសហគមន៍ បានដើរប្រមូលសំរាមបាន ៤៩២ គីឡូក្រាមនៅតាមដងផ្លូវក្នុងស្រុកបារាយណ៍ និងស្រុកស្ទោងខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ។
សំរាម គឺជាបញ្ហាសកលដែលតែងតែកើតមានឡើងឥតឈប់ឈរ ខណៈប្រជាជននៅក្នុងពិភពលោកបានបង្កើតសំរាមច្រើនហួសកម្រិត។យោងទៅតាមរបាយការណ៍របស់ធនាគារពិភពលោក មានសំរាមរឹងនៅតាមទីក្រុងប្រមាណ ២,០១ ពាន់លានតោនជារៀងរាល់ឆ្នាំជុំវិញពិភពលោកដែលក្នុងនោះយ៉ាងហោចណាស់មាន ៣៣% មិនត្រូវបានគ្រប់គ្រងបានល្អឡើយដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។
ដូចនៅក្នុងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត ប្រទេសកម្ពុជាក៏កំពុងជួបបញ្ហាប្រឈមដ៏ធំក្នុងការគ្រប់គ្រងសំរាមផងដែរដោយសារចំនួនប្រជាជនមានការកើនឡើង និងការពង្រីកនៃទីក្រុង។ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ នៅមានកម្រិត ខណៈមិនមានការប្រមូលសំរាម និងរោងចក្រកែច្នៃសំរាមគ្រប់គ្រាន់។ យោងទៅតាមរបាយការណ៍ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថានកម្ពុជា សំរាមនៅក្នុងប្រទេស បានកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ។ គ្រាន់តែរាជធានីភ្នំពេញមួយប៉ុណ្ណោះ មានសំរាមប្រហែល ៣.០០០ តោនដែលត្រូវបានប្រមូលរៀងរាល់ថ្ងៃ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “ការប្រមូលសំរាម គឺជាជំហានដ៏មានឥទ្ធិពលមួយក្នុងការជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ហាកាកសំណល់រឹង ដូច្នេះហើយបានជាណាហ្គាវើលដ៍ បានរៀបចំសិក្ខាសាលាស្តីពី ‘ការអនុវត្តល្អបំផុតដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក’ នៅថ្ងៃទី២៣ និងទី២៤ ខែសីហា ឆ្នាំ២០១៩ នៅណាហ្គាវើលដ៍នេះឡើង។ បន្ទាប់មក យើងបានដើរប្រមូលសំរាមក្នុងខេត្តកំពង់ធំជាមួយសិស្សានុសិស្ស និងសហគមន៍ គឺដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរបន្ទាន់ និងបង្កើតទម្លាប់ល្អក្នុងការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវដើម្បីសុខុមាលភាពនៅក្នុងសហគមន៍”។
លោក Pern Chen បន្ថែមថា “បញ្ហាប្រឈមមួយដែលគួរឲ្យព្រួយបារម្ភរបស់មនុស្ស គឺសំរាម។ យើងត្រូវរិះរកគ្រប់មធ្យោបោយ និងត្រូវចាប់ផ្តើមជាមួយនឹងខ្លួនឯងដើម្បីការពារបរិស្ថាន និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែបៃតង និងស្រស់បំព្រង”។
ចំណែកអ្នកស្រី Natalja Rodionova ស្ថាបនិកអង្គការ GoGreenCambodia បាននិយាយថា “ថ្វីត្បិតប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ យើងដែលជាប្រជាជននៅក្នុងសហគមន៍ គួរយកចិត្តទុកដាក់ជាងមុនទៅលើបញ្ហាបរិស្ថានដែលអាចបង្កបញ្ហាជាច្រើនដល់មនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី។ ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានបោះជំហានមួយទៀតជួយគ្រប់គ្រងកាកសំណល់រឹង។ សូមអរគុណចំពោះកិច្ចសហការមួយនេះ” ៕ស តារា