ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អាស៊ានបង្កើនការទិញអាវុធទំនើបៗកាន់តែច្រើន

ចែករំលែក៖

បន្ទាប់ពីទិញមីស៊ីលល្បឿនលឿន​ពីឥណ្ឌា ពេលនេះ ហ្វីលីពីនបន្តទិញនាវាមុជទឹកពីបារាំង ដើម្បីទប់ទល់ឥទ្ធិពលយោធា ក្នុងតំបន់ ។ សកម្មភាពខាងលើ អាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធនៅក្នុងតំបន់​។

រហូតមកដល់ពេលនេះ ហ្វីលីពីនកំពុងតែធ្វើឲ្យវិស័យយោធារបស់ខ្លួន ​កាន់តែខ្លាំងក្លាឡើងថែមទៀត ដោយគ្រោងនឹងទិញមីស៊ីលមានល្បឿនលឿនជាងសំឡេងនៅលើពិភពលោក ពីប្រទេសឥណ្ឌា និងនាវាមុជទឹកដ៏ទំនើបពីប្រទេសបារាំង ស្របពេល​មាន​ការ​ប្រកួតប្រជែង លើវិស័យយោធា​ នៅក្នុងតំបន់។

បើតាមគេហទំព័រ Businessmirror បានផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ​ នេះថា ជាជំហានដំបូង ទីក្រុងម៉ានីល និងប៉ារីស បានបង្កើនកិច្ចសហប្រតិបត្តិការការពារដែនសមុទ្រ។ នៅក្នុងកិច្ចសហប្រតិបត្ដិការនោះ រដ្ឋបាលរបស់លោក Duterte ប្រធានាធិបតី​ហ្វីលីពីន បានផ្ដួចផ្ដើគំនិតធានាសន្ដិសុខដល់នាវាមុជទឹក សម្រាប់កងនាវាចរណ៍ហ្វីលីពីន ដោយមានបារាំងជាអ្នកផ្គត់ផ្គង់។

លោក Delfin N. Lorenzana រដ្ឋមន្រ្ដីក្រសួងការពារជាតិហ្វីលីពីន បានថ្លែងថា នៅក្នុងរដ្ឋបាលរបស់លោក Duterte មានគោលបំណង ចង់ធ្វើឲ្យមានទំនើបឧបនីយកម្មលើវិស័យយោធា។ រីឯកិច្ចសហប្រតិបត្ដិការការពារជាតិ ផ្នែកជើងទឹក ក៏ជាចំណុចដ៏សំខាន់ផងដែរ។ ជាមួយគ្នានេះដែរ​ លោកក៏បានចុះហត្ថលេខាជាមួយនឹងសមភាគី​បារាំង គឺលោក Florence Parly ផងដែរ ដោយសារយល់ឃើញថា ប្រទេសបារាំងជាប្រភពផ្គត់ផ្គង់នាវាមុជទឹកដ៏សំខាន់បំផុត សម្រាប់កងទ័ពហ្វីលីពីន។

ប្រមុខការពារជាតិហ្វីលីពីន បានបញ្ជាក់ កាលពីយប់ ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញថា បារាំងបានលក់នាវាមុជទឹក ប្រភេទ Scorpene មកឲ្យកងទ័ពហ្វិលីពីន។ នាវា Scorpene នេះ ជាប្រភេទនាវាមុជទឹកដ៏ល្អបំផុតរបស់បារាំង ហើយវាដំណើរការដោយថាមពលប្រេង។

មន្រ្ដីយោធាហ្វីលីពីន បានឲ្យដឹងថា ស្របតាមកម្មវិធីធ្វើឲ្យទំនើបឧបនីយកម្មលើវិស័យកងទ័ពនោះ ហ្វីលីពីនកំពុងតែស្វះស្វែងទិញមីស៊ីល BrahMos ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោក មកពីប្រទេសឥណ្ឌា។ មីស៊ីលប្រភេទនេះ អាចបាញ់ចេញពីនាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង និងបាញ់ចេញពីទីតាំងលើដី។ ក្រៅពីនេះ រដ្ឋាភិបាលហ្វីលីពីន ក៏នឹងទិញនាវាមុជទឹក ពីប្រទេសបារាំង ផងដែរ៕


ចែករំលែក៖