ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃបានសម្រេច តែអកុសលធ្លាក់ពីលើម៉ូតូត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ ជាកម្មការិនីរោងចក្រ ខណៈដែលកំពុងតែដើរចេញពីបារបារាំងយីហោ ខេន ឌី ស្រាប់តែត្រូវក្រុមចោរ២នាក់ មកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នាងបានសម្រេចហើយ ព្យាយាមជិះគេចខ្លួនក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍ផ្សារកណ្ដាលទី១ ជួយធ្វើអន្តរាគមន៍ស្ទាកចាប់ធ្វើឲ្យជនសង្ស័យម្នាក់ដែលជាអ្នកឆក់អង្គុយពីក្រោយធ្លាក់ពីលើម៉ូតូ រួចចាប់វាយខ្នោះបានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។

ករណីចាប់ចោរឆក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៥ កែងផ្លូវលេខ១៣៦ ស្ថិតភូមិ៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង ម៉េង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទៅលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ឆេង ចន្នី ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅផ្ទះជួល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបាន៖ ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាក OppoF11 ពណ៌ខៀវ ជារបស់ជនរងគ្រោះ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបារបារាំងយីហោ ខេន ឌី គោលបំណងទៅជួបមិត្តភក្ដិនៅក្បែរនោះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មកពីក្រោយដោយជនសង្ស័យឈ្មោះ សេង ម៉េង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះសម្រេចហើយ ព្យាយាមជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះស្រែកឆោឡោឡើង ស្របពេលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ កំពុងល្បាតឃើញបានអន្តរាគមន៍ស្ទាកចាប់និងជិះម៉ូតូដេញតាមពីក្រោយ ភ្លាមនោះជនសង្ស័យម្នាក់ ដែលអង្គុយពីក្រោយបានធ្លាក់ពីលើម៉ូតូក៏ចាប់ក្របួចបានម្នាក់ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារកណ្តាលទី១ដើម្បីធ្វើការសាកសួរ ។ ចំណែកជនដង្ស័យម្នាក់ទៀតឈ្មោះ បូ ភេទ ប្រុសអាយុប្រហែល ២៣ ឆ្នាំ ដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុ ទូរស័ព្ទត្រូវបានប្រគល់ឲ្យនារីរងគ្រោះវិញ ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖