ខេត្តបន្ទាយមានជ័យ: បុរសចំណាស់វ័យ៦៧ឆ្នាំម្នាក់ ត្រូវបាននគរបាលស្រុកម៉ាឡៃ ឃាត់ខ្លួន ពីបទបៀតបៀនកេរខ្មាស់លើកុមារីម្នាក់ អាយុ៧ឆ្នាំម្នាក់កាលពីវេលាម៉ោង ៨និង៨នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយការឃាត់ខ្លួនបុរសវ័យចំណាស់នេះនៅព្រឹក ថ្ងៃ អាទិត្យ ១១រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៩ ធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ
បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ច.ល.ស អាយុ៧ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមបណ្តឹងរបស់ឪពុកកុមារីរងគ្រោះ នេះថា ឈ្មោះ ខឹម អុន ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិតាគង់ ឃុំតាគង់ជាមួយគ្នា បានល្បួង យកដៃប៉ះពាល់ផ្លូវភេទកូនស្រីរបស់ខ្លួនរហូតមានរបួស។
ក្រោយពីទទួលបានបណ្តឹង លោកបានចាត់ចាត់តាំង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំតាគង់ ចុះទៅដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ ខឹម អុន និងបានឃាត់ខ្លួនយកមកសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានស្ទាបអង្អែល ប្រដាប់ភេទរបស់ក្មេងស្រីនោះចំនួន៤លើកមែន តែមិនបានស៊ីជម្រៅទេ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបែបនេះទើប កម្លាំងនគរបាលជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ប្រាថ្នា