ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនធ្វើការនៅក្រុមហ៊ុនចិន “ណានថុង អ៊ឺជៀន” ប្រមាណ៤០នាក់ នាំគ្នាតវ៉ានៅមុខស្ថាតទូតចិន រឿងមិនបើកប្រាក់ខែជិតកន្លះឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនប្រមាណ៤០នាក់ បាននាំគ្នាមកតវ៉ានៅមុខការិយាល័យពាណិជ្ជកម្មចិន និងនៅស្ថាតទូតចិន ដើម្បីជួយដោះស្រាយឲ្យពួកគាត់ផង ខណៈដែលក្រុមហ៊ុនយីហោ ណានថុង អ៊ឺជៀន មិនបានបើកប្រាក់ខែឲ្យជិតកន្លះឆ្នាំហើយ ។

ការប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីសុំការអន្តរាគមន៍ពីខាងការិយាល័យពាណិជ្ជកម្មចិន ដែលមានទីតាំងនៅផ្ទះលេខ៤៣២សេ ផ្លូវលេខ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីសុំការអន្តរាគមន៍ពីខាងការិយាល័យពាណិជ្ជកម្មចិន ជួយរកដំណោះស្រាយជូនពួកគាត់ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនជាតិចិនខាងលើនេះ មានគ្នាប្រហែល៤០នាក់ មកពីក្រុមហ៊ុន ណានថុង អ៊ឺជៀន បានប្រមូលម្តុំគ្នា ក្នុងគោលបំណងចង់ឲ្យខាងការិយាល័យពាណិជ្ជកម្មចិន ជួយរកដំណោះស្រាយជូនពួកគាត់ ដោយខាងក្រុមហ៊ុនមិនបានបើកប្រាក់ខែជូនពួកគាត់ រយៈពេលជិតកន្លះឆ្នាំមកហើយ ។

លុះដល់វេលាម៉ោង១០និង៤៥នាទីព្រឹក គេសង្កេតឃើញខាងតំណាងការិយាល័យពាណិជ្ជកម្មចិន បានអនុញ្ញាតឲ្យតំណាងកម្មករចិន២នាក់ ចូលក្នុងនិងបានចេញមកវិញ នៅវេលាម៉ោង១១ព្រឹក ដោយខាងការិយាល័យពាណិជ្ជកម្មចិន បានណែនាំពួកគាត់ឲ្យធ្វើញាត្តិ ដើម្បីដាក់ជូនថ្នាក់លើដោះស្រាយតាមនីតិវិធី ។

ក្រោយពីខាងការិយាល័យពាណិជ្ជកម្មចិន សន្យាអញ្ជើញថៅកែក្រុមហ៊ុនចូលមកដោះស្រាយប្រាក់ខែជូនពួកគាត់ ក៏មានការរំសាយនៅវេលាម៉ោង១១និង៤០នាទីថ្ងៃដដែល ៕ស រស្មី


ចែករំលែក៖