ព័ត៌មានទាន់ហេតុការណ៍៖

ចោរចូលលួចម៉ូតូ២គ្រឿង និងបំពុលឆ្កែងាប់នៅ ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ម៉ូតូ២គ្រឿងបានត្រូវបាត់់ចោរចូលលួចយក និងឆ្កែ២ក្បាលបានត្រូវពុលងាប់ និង២ក្បាលមានសភាពធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពបំពុលសត្វឆ្កែលួចយកម៉ូតូរបស់ប្រជាពលរដ្ឋចំនួន០២គ្រឿង ក្នុងនោះមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្ម្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CZ-7273 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៩ ពាក់ស្លាកលេខស្វាយរៀង1N-1941ដែលទុកនៅក្នុងបន្ទប់ក្រោមផ្ទះចាក់សោ ។ ម្ចាស់ម៉ូតូឈ្មោះ មុំ សារិន អាយុ៦២ឆ្នាំ ភេទប្រុស មុខរបរធ្វើស្រែ រស់នៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពដដែលបន្តថា មុន និងក្រុមចោរចូលកាត់សោបន្ទប់លួចយកម៉ូតូ ក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ០៤ក្បាល បណ្តាលឲ្យសត្វឆ្កែងាប់អស់០២ក្បាល និង២ក្បាលទៀតធ្ងន់ធ្ងរ ។

បើតាមជនរងគ្រោះឈ្មោះ មុំ សារិន បានឲ្យដឹងថា ម៉ូតូ០២គ្រឿងនេះ ១គ្រឿងជារបស់កូន គឺបានដាក់ក្នុងបន្ទប់ក្រោមផ្ទះដូចសព្វដង លុះព្រឹកម៉ោង៤ និង១០នាទីទៀប ភ្លឺថ្ងៃទី២៥ ខែធ្នូ គាត់បានក្រោកឡើងចុះមកបត់ជើង ស្រាប់តែឃើញសត្វឆ្កែ០២ក្បាលពុលបែកពពុះមាត់ងាប់បាត់ទៅហើយ និងឆ្កែ០២ក្បាលទៀត កំពុងពុលងីងើរជិតងាប់ទៀត ។

បន្ទាប់មកបានដើរទៅមើលបន្ទប់ដាក់ម៉ូតូឃើញស្នាមកាត់សោរ ហើយចូលមើលម៉ូតូ គឺបាត់ទាំង០២គ្រឿង ហើយម៉ូតូ១គ្រឿង គឺទិញបង់រំលោះ មិនទាន់បង់គ្រប់នៅឡើយ ទេ ។

បច្ចប្បន្នសមត្ថកិច្ចនគរបាល ស្រុកកំពុងស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖