ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបារម្ភក្រោយរុស្ស៊ីដាក់ឲ្យប្រើប្រាស់មីស៊ីលលឿនជាងសំឡេង​២៧ដង

ចែករំលែក៖

មីស៊ីលលឿនជាងគេបំផុតរបស់រុស្ស៊ីត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកង កម្លាំងមីស៊ីល​ ធ្វើឲ្យអាមេរិក និងសម្ពន្ធមិត្ត អឺរ៉ុប កាន់តែបារម្ភ ដោយមីស៊ីលនោះ មិនមានអ្វីអាចរារាំងបានឡើយ ពេលវាយប្រហារ ។

គម្លាតបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនរបស់អាមេរិក អាចដេញតាមរុស្ស៊ី លែងទាន់ហើយ ដោយសារតែទីក្រុងវ៉ាស៊ីនតោន​ មិនទាន់បានផលិតមីស៊ីលល្បឿនលឿនផង ស្រាប់តែ​រុស្ស៊ី បានដាក់ឲ្យប្រើប្រាស់មីស៊ីលល្បឿនលឿន នៅក្នុងជួរកងទ័ព​របស់ខ្លួន​បាត់​ទៅហើយ ។ ​ កាលពីពេលថ្មីៗកន្លងនេះ រុស្ស៊ីបានដាក់ឲ្យប្រើប្រាស់កាំជ្រួចមីស៊ីល មានល្បឿនលឿនជាងគេ​សំឡេង រហូតដល់ទៅ២៧ដង​ ទើបធ្វើឲ្យអាមេរិក ដេកមិនលក់ ភ័យខ្លាចនឹងរុស្ស៊ី​ ។

កាំជ្រួចមីស៊ីល​​ល្បឿនលឿន​ Avangard ​មានល្បឿនលឿនជាងសំឡេង​ដល់ទៅ​២៧ដង​ បានដាក់ឲ្យប្រើប្រាស់​ ​នៅក្នុងកម្លាំងទាហានរបស់រុស្ស៊ី កាលពីថ្ងៃទី​២៧​ ខែធ្នូ​​​ ។ មីស៊ីល Avangard មិនមានគូសត្រូវ​ណាមួយអាចប្រៀបបាន​នោះឡើយ នៅលើ​លោក​នេះ ហើយវាអាចចាក់ទម្លុះរាល់ប្រព័ន្ធមីស៊ីលការពារដ៏ទំនើបៗ ដោយសារល្បឿនដ៏លឿនបំផុតរបស់វា ។

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន​ បានលើកឡើងថា​ កាំជ្រួចមីស៊ីល​ Avangard ​​គឺជាបច្ចេកវិទ្យាល្បឿនលឿនដ៏ទំនើបបំផុត នៅលើពិភពលោក​​ ។ ប្រព័ន្ធមីស៊ីលនេះ ធ្វើឲ្យអាមេរិក​កាន់តែព្រួយបារម្ភខ្លាំងឡើង​​​ ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបង្កើនសមត្ថភាព​ការពាររបស់ផងដែរ​ ។

មីស៊ីល​ Avangard ​បានបំពាក់នៅលើមីស៊ីលឆ្លងទ្វីប ដើម្បីបាញ់ឡើងទៅលើលំហអាកាស​​ ក្រោយមកវិលសំដៅ​មករកផែនដីវិញ​ ក្នុងល្បឿនលឿនជាង​សំឡេង​ រហូតដល់ទៅ២៧ដង​ ។ នេះខុសពីមីស៊ីលធម្មតា​ដែលប្រព័ន្ធមីស៊ីលការពារ អាច ចាប់បាន ហើយវាយស្ទាក់បាន ។ ដោយឡែកមីស៊ីល​ Avangard ពេលផ្តាច់ខ្លួន ចេញពីមីស៊ីលឆ្លងទ្វីប នៅលើលំហអាកាស​​ ហើយសំដៅមកគោលដៅ នៅលើផែនដី​នេះ វាអាចបត់បែន និងគេចពីប្រព័ន្ធការពារ​ បានយ៉ាងមានប្រសិទ្ធភាពថែមទៀតផង ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី​ លោក​ Sergei Shoigu ​បានលើកឡើងថា​ កាំជ្រួមមីស៊ីល​ Avangard​ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយប្រគល់ឲ្យកម្លាំងមីស៊ីល ប្រចាំនៅតំបន់​ Orenburg ​ភាគខាងត្បូង ភ្នំ​ Ural ។ មីស៊ីល Avangard អាចបំពាក់ក្បាល​គ្រាប់​ដែលមានកម្លាំងផ្ទុះស្មើ​២ មីហ្គាតុន​ ។ មីស៊ីលនេះ អាចស៊ូនឹងកម្តៅដល់ទៅ​២ពាន់អង្សាសេ​ ។

កន្លងមក រុស្ស៊ី ក៏បានដាក់ឲ្យប្រើប្រាស់កាំជ្រួចមីស៊ីល Kinzhal ​មានល្បឿនលឿនជាងសំឡេង រហូតដល់ទៅ​១០ដង​ ឬស្មើ១២ពាន់គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចវាយប្រហារគោលដៅ នៅចម្ងាយ​២ពាន់គីឡូម៉ែត្រ​៕


ចែករំលែក៖