ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មន្ត្រីជលផលនៅពីក្រោយបទល្មើសនេសាទក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ថ្មីៗនេះប្រភពពីប្រជានេសាទនៅតំបន់ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បទល្មើសប្រើឧបករណ៍ខុសច្បាប់នៅក្នុងបឹងទន្លេសាប តំបន់ផាត់សណ្ដាយ កំពុងកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រីរដ្ឋបាលជលផលជាអ្នកនៅពីក្រោយបទល្មើស។ ប្រភពបានឲ្យដឹងទៀតថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងមន្ត្រីក្រោមឱវាទឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីយ៉ាងមហន្តរាយ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពស្និទ្ធនឹងលោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ បានឲ្យដឹងថា ការដែលលោក យ៉ាន់ វិសាក់ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ផងដែរ។

ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមានជនល្មើសជាជនជាតិយួនរស់នៅក្នុងខេត្តពោធិ៍សាត់ អាចចូលមកធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមជនល្មើសដែលជាជនជាតិយួនប្រើទូកអូសគូដែលមានកម្លាំងម៉ាស៊ីនធំៗ និងអួនដែលមានបណ្ដោយវែងៗ ហើយភ្ជាប់ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ បំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាបនៃស្រុកស្ទោង យ៉ាងពេញបន្ទុកតែម្ដង។ មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្ទោង មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងបឹងទន្លេសាប នៃឃុំពាមបាង នោះឡើយ។

បើតាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ទេនោះគឺមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង មិនហ៊ានឃុបឃិតឲ្យឈ្មួញប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយឡើយ។ ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការឃុបឃិតពីសំណាក់លោក ប៉ែន វណ្ណរិទ្ធ និងលោក ហម ហ៊ុន ទើបមន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់បឹងទន្លេសាប ស្រុកស្ទោង ខេត្តកំពង់ធំ ហ៊ានបើកដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងគឃ្លើន។ សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតំបន់បឹងទន្លេសាប នៃស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានការកើនឡើងយ៉ាងគំហុក។

ថ្មីៗនេះប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលនៅតំបន់ផាត់សណ្ដាយ ឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងពេញបន្ទុក ព្រោះមានការឃុបឃិតពីមន្ត្រីធំៗនៅខាងលើ។ ប្រជានេសាទនៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅពេលពួកគាត់ប្រើឧបករណ៍ស្របច្បាប់ចាប់ត្រីជាលក្ខណៈគ្រួសារ ត្រូវមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបដោយគ្មានការយោគយល់ឡើយ។ ប៉ុន្តែនៅពេលក្រុមជនល្មើសដែលជាជនជាតិយួននិងជនជាតិខ្មែរ ច្រើននាក់ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយ បែរជាមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមើលរំលងមិនហ៊ានប៉ះពាល់ពួកគេនោះទេ។ បើតាមការបង្ហើបពីក្រុមជនល្មើសដែលជាជនជាតិយួនធ្វើសកម្មភាពប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទបន្លេសាប នៃស្រុកស្ទោង និងស្រុកកំពង់ស្វាយ បានឲ្យដឹងថា ពួកគេមានមេខ្យល់រត់ការបង់លុយឲ្យមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធតាមការកំណត់ ទើបអាចចៀសផុតពីការបង្ក្រាប៕


ចែករំលែក៖