ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដង្កោគ្មានវិធានការទប់ស្កាត់ ការចាក់ដីរំលោភធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅដងស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈពេលថ្មីៗនេះ ក្រោយពីមានការផ្លាស់ប្តូរអភិបាលខណ្ឌដង្កោថ្មីចូលមកកាន់តំណែង គេសង្កេតឃើញថា បឹងបួរ ព្រែក អូរ ស្ទឹងធម្មជាតិទាំងឡាយ ត្រូវបានបុគ្គលឯកជនដែលមានអំណាចមួយចំនួនបាននាំគ្នាបោះបង្គោលឬចាក់ដីរំលោភយកសម្បត្តិរបស់រដ្ឋ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ ។ ជាក់ស្តែងនៅចំណុចដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ កំពុងមានការចាក់ដីរំលោភបំពាន បំណងធ្វើជាកម្មសិទ្ធិផ្ទាល់របស់បុគ្គលណាម្នាក់ៗហើយពេលនេះ ដោយមិនឃើញមានអាជ្ញាធរណាចុះហាមឃាត់នោះទេ ។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ទទួលផ្នែកសំណង់ បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា “លោកបានចុះទៅធ្វើកំណត់ហេតុរួចហើយ ដោយមិនឲ្យមានសកម្មភាពចាក់ដីបែបនេះតទៅទៀតទេ ហើយក៏មិនឲ្យមានការសាងសងអ្វីនៅលើទីតាំងនោះដែរ សូមអរគុណ “ ។

ចំពោះការបកស្រាយបំភ្លឺរបស់លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បែបនេះមិនបានបង្ហាញរូបភាពនិងខ្លឹមសារលំអិតនៃការចុះពិនិត្យទីតាំងដែលចាក់ដីរំលោភបំពានយកដងស្ទឹងព្រែកត្នោតនោះឡើយ សូម្បីតែពេលវេលានិងថ្ងៃខែឆ្នាំ នៃការចុះពិនិត្យនោះក៏មិនបានប្រាប់ផងដែរ ។ ប៉ុន្តែអ្វីដែលមហាជនចង់ឃើញគឺស្នើរសុំឲ្យអាជ្ញាធរខណ្ឌដង្កោមេត្តាមានវិធានការឲ្យឈ្មួញទាំងនោះកាយដីនោះឲ្យអស់ចេញស្ទឹងព្រែកត្នោតឡើងវិញ ដើម្បីថែរក្សាធាតុដើមនៃស្ទឹង ។ ព្រោះថាស្ទឹងព្រែងត្នោតនេះ វាមិនមែនជារបស់បុគ្គលឯកជនណាម្នាក់នោះទេ គឺជាសម្បត្តិរបស់រដ្ឋសម្រាប់បំរើផលប្រយោជន៍ជូនសាធារណជនទូទៅ ដូច្នេះគ្មានបុគ្គលណាម្នាក់មានសិទ្ធិរំលោភបំពានបោះបង្គោលឬចាក់ដីរំលោភយកបានឡើយ ។

ទោះបីយ៉ាងណាក្តីចំពោះបញ្ហានេះក្រុមអ្នកសារព័ត៍មានយើងនឹងរង់ចាំតាមដានព័ត៍មាន បន្តទៀតថា តើអាជ្ញាធរខណ្ឌដង្កោនឹងមានវិធានការបែបណា ចំពោះបុគ្គលរូបនោះ ដែលហ៊ានលួចចាក់ដីរំលោភបំពានស្ទឹងព្រែកត្នោតបែបនេះ ! ៕ភារ៉ា ដង្កោ


ចែករំលែក៖