ភ្នំពេញ៖ បន្ទាប់ពីឆ្លងឆ្នាំសកល គឺឆ្នាំ២០១៩ ឆ្លងផុតទៅជំនួសវិញដោយឆ្នាំថ្មី ឆ្នាំ២០២០។ បើទោះបីឆ្នាំ២០១៩ កន្លងផុតទៅក្តីប៉ុន្តែឆ្នាំនេះ បន្សស់ទុកនូវការចងចាំ និងសមិទ្ធផលចម្បងៗជាច្រើន ដែលបំភ្លេចមិនបានឡើយ។ ចាត់ទុកជាមោទនភាពជាតិ ខណៈកម្ពុជាប្រមូលចំណូលពន្ធគយ និងពន្ធដារឆ្នាំ២០១៩ លើសផែនការជិត១៥០០លានដុល្លារ។
សូមបញ្ជាក់ថា៖ សមិទ្ធផលដ៏ធំមួយ ក្នុងចំណោមសមិទ្ធផលធំៗផ្សេង បានផ្តល់នូវក្តីរីករាយដល់ប្រជាពលរដ្ឋខ្មែរនោះ គឺប្រាក់ចំណូលថិវកាជាតិ បានពីចំណូលពន្ធគយ និងពន្ធដារ ដែលឆ្នាំ២០១៩ សម្រេចបានលើសផែនការ ដែលកំណត់ដោយច្បាប់ថវិកាជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ រហូតដល់ជិត១៥០០លានដុល្លារ។
តួលេខនេះត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានប្រាប់ថា បើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលពន្ធគយ និងពន្ធដារ ដែលប្រមូលបាននៅឆ្នាំ២០១៩នេះសម្រេចបានលើសផែនការ ១,៤៨៥លានដុល្លារអាមេរិក ដែលកម្ពុជាពុំធ្លាប់ជួបតាំងពីមុនមកនោះទេ។
មន្ត្រីដដែលបន្តថា៖ ក្នុងច្បាប់ថវិកា ឆ្នាំ២០១៩ កំណត់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលឲ្យបាន២,២៦០លានដុល្លារ ចំណែកអគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលឲ្យបាន២,២៨៨លានដុល្លារ។
មន្ត្រីជាន់ខ្ពស់ដដែលបានឲ្យដឹងថា៖ សម្រាប់សាច់ប្រាក់ចុងឆ្នាំនេះ កម្ពុជាសល់សាច់ប្រាក់កើនដល់ជាង៣៥០០លានដុល្លារ ដែលមិនធ្លាប់មានពីមុនមក។
សមិទ្ធផលនៃការប្រមូលចំណូល បានក្នុងកម្រិតល្អបែបនេះ គឺកើតចេញពីសុខសន្តិភាព មានសុខសន្តិភាពទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ ដោយសារតម្លៃនៃសន្តិភាពនេះ ទើបយើងទាំងអស់គ្នា ត្រូវតែស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព និងការពារសន្តិភាព កុំឲ្យបាត់បង់៕ សិលា