ខេត្តឧត្ដរមានជ័យ៖ ស្រ្ដីម្នាក់បានដេកស្លាប់នៅក្នុងផ្ទះសំណាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ផ្ទះសំណាក់យីហោ ឆាយ ណា ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ សេង ស្រីវណ្ណ ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ក្រោយទទួលព័ត៌មាន កម្លាំងជំនាញក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ កម្លាំងជំនាញការិយាល័យខេត្ត និងគ្រូពេទ្យខេត្ត ធ្វើការពិនិត្យសាកសពឃើញស្ថានភាព ៖ នៅលើរាងកាយ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
តាមការបំភ្លឺពីឈ្មោះ ពិន សៀប ភេទស្រី អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិពោធិ៍ ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវជាម្ដាយក្មេងរបស់សាកសព បានបំភ្លឺថា ៖ កន្លងមក កូនប្រសារស្រីរបស់ខ្លួនឈ្មោះ សេង ស្រីវណ្ណ មានជំងឺថ្លើមធ្ងន់ធ្ងរ និងជំងឺខ្វះគ្រាប់ឈាមក្រហម និងធ្លាប់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ថៃបាន ៤លើកហើយ ។ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៥៖០០នាទី រូបខ្លួន និងកូនប្រសារបាននាំគ្នាមកសម្រាកនៅផ្ទះសំណាក់ឆាយ ណា ក្នុងគោលបំណងទៅពេទ្យប្រទេសថៃពិនិត្យជំងឺ ។ លុះនៅម៉ោងប្រហែល ០៥៖០០នាទី ទៀតភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្នុងពេលខ្លួនកំពុងដេកលក់ ស្រាប់តែជំងឺកូនប្រសារស្រី រើឡើង ភ្លាមនោះរូបខ្លួនក៏ដាស់ តែគាត់មិនភ្ញាក់ រូបខ្លួនក៏រត់ចេញក្រៅបន្ទប់ ដើម្បីឲ្យគេជួយតែពេលនោះមិនមានមនុស្ស រូបខ្លួនក៏ចូលទៅបន្ទប់វិញ ស្រាប់តែកូនប្រសារ ដង្ហក់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពិនិត្យសាកសពរួច កម្លាំងជំនាញបានប្រគល់សាកសពឲ្យទៅក្រុមឋក្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕ ប៉ែន នួន