ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូ២០២០មកកាច់សោ.កម៉ូតូ២០១៦តែមិនបានជាប់ខ្នោះរបស់នគរបាល

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០២០ មកធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ជាងសំណង់មួយគ្រឿង ស៊េរីឆ្នាំ២០១៦ ដែលចាក់សោត្រឹមត្រូវចតទុកខាងក្រោមផ្ទះតែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០​ នៅខាងជើងផ្សារឯករាជ្យ២​ ភូមិព្រៃព្រីងខាងជើង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ឈិត ប្រុស​ ភេទប្រុស អាយុ៣៦ឆ្នាំ​ មុខរបរជាងសំណង់​ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យឈ្មោះ ឌីថា​ ភេទប្រុស អាយុ២២ឆ្នាំ​ មុខរបរត់ឌុប​ ស្នាក់នៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅភូមិរុង​ ឃុំក្រាំងលាវ​ ស្រុកបាទី​ ខេត្តកែវ​ ។ ទី២ឈ្មោះ តាំអុយ​ ភេទប្រុស អាយុ២៣ឆ្នាំ​ ស្នាក់នៅម្តុំផ្សារសែនមនោរម្យ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្ត​ត្បូងឃ្មុំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៦​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GD1933 មកពីធ្វើការហើយបានចតទុកខាងក្រោមផ្ទះដោយចាក់សោ.ក និងសោជន្ទល់ត្រឹមត្រូវហើយបានឡើងទៅផ្ទះជាន់ទី២​បាត់។

លុះរហូតមកវេលាកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០២០​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1HV 8934 មកធ្វើសកម្មភាពកាច់សោ.ក និងឆ្កឹះសោជន្ទល់ភ្លាមនោះ ស្រាប់តែប្រជាពលរដ្ឋមកឃើញទាន់ចាប់វាយម្នាក់មួយដៃមួយជើងរួចប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖