ព័ត៌មានទាន់ហេតុការណ៍៖

តាំងខ្លួនជាសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យដេញឃាត់យុវជនម្នាក់ ត្រូវនគរបានប៉ុស្តិ៍ស្រះចកចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្លៀកពាក់ស៊ីវិលរួចតាំងខ្លួនថា ជាសមត្ថកិច្ចខាងពន្លត់អគ្គិភ័យ បានជិះម៉ូតូមួយគ្រឿង គ្មានស្លាកលេខ ប្រដេញចាប់យុវជនម្នាក់ គំរាមវាយខ្នោះ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចប៉ុស្តិ៍ស្រះចកចេញមកជួយអន្តរាគមន៍ សួរនាំរកឃើញមានកាតក្លែងក្លាយ ឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣៥នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ R6 នៅចំណុចប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានយុវជនម្នាក់ជាជនរងគ្រោះមានឈ្មោះ នី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ បានដើរតែម្នាក់ឯងមកពីក្តាន់ពីររហូតដល់ចូលក្នុងបឹងកក់ផ្លូវR6 គោលបំណងទៅម្តុំអង់តែន ស្រាប់តែលេចមុខបុរសម្នាក់ពាក់អាវសុីវិលជិះម៉ូតូវីវ៉ាពណ៌ខ្មៅ គ្មានស្លាកលេខ បានជិះមកស្រែកឲ្យឈប់រួចចង់វាយខ្នោះថែមទៀត ហើយអួតខ្លួនឯងថា ជាប៉ូលិសនៅអង្គភាពអគ្គិភ័យជាជំនួយការមេ ចង់ចាប់ ដោយចោទថាយុវជននោះមានថ្នាំញ្ញៀនបោះចោលតាមផ្លូវ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចកចុះមកអន្តរាគមន៍សួរនាំជនសុីវិលខាងលើនេះ ឲ្យបង្ហាញកាតសម្គាល់អង្គភាពជាកាតកូពីក្លែងក្លាយ ទើបសមត្ថកិច្ចប៉ុស្តិ៍ស្រះចកឃាត់ខ្លួនយកទៅសួរនាំតែម្តង ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីចាត់ការទៅតាមនិតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការបន្តតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖