ក្រសួងការបរទេសអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងពិភាក្សា ដើម្បីដកទាហានអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់នោះឡើយ ទៅតាមសំណើរបស់ភាគីអ៊ីរ៉ាក់។ ការប្រកាសខាងលើរបស់អាមេរិក កើតឡើងក្រោយពេលដែលនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានស្នើឲ្យក្រុមអ្នកជំនាញស្រាវជ្រាវពីការដកទាហានអាមេរិកចេញ។
ប៉ុន្តែតាមក្រុមអ្នកឯកទេសអាមេរិក បានលើកឡើងថា ការដកទាហានចេញពីអ៊ីរ៉ាក់មិនមែនជារឿងងាយស្រួលនោះឡើយ ដោយត្រូវពិភាក្សា ទៅលើ បញ្ហាសន្តិសុខ ទំនាក់ទំនង ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការបរទេស។
កន្លងមក លោកត្រាំបានប្រកាសថាប្រសិនបើអ៊ីរ៉ាក់ចង់ឲ្យអាមេរិក ដកទាហានចេញនោះ អាមេរិក និងដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ាក់ និងទាមទារឲ្យប្រទេសនេះសងសំណងជាច្រើន តាំងពីពេលដែលអាមេរិកធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ាក់។
នៅពេលនេះដែរពលរដ្ឋអ៊ីរ៉ាក់រាប់សិបពាននាក់បានដង្ហែក្បួនបាតុកម្ម សារជាថ្មី ប៉ុន្តែពេលនេះ មិនមែនប្រឆាំងរដ្ឋាភិបាល អ៊ីរ៉ាក់នោះឡើយ គឺប្រឆាំងអាមេរិក និងអ៊ីរ៉ង់ ដែល បានប្រើប្រាស់ទឹកដី អ៊ីរ៉ាក់ សម្រាប់វាយប្រហារគ្នាទៅវិញ។ អ៊ីរ៉ាក់មិនមែនជាសង្វៀនសង្គ្រាមអន្តរជាតិ សម្រាប់ឲ្យប្រទេសផ្សេងៗមកធ្វើសង្គ្រាមនៅលើទឹកដីអីរ៉ាក់នោះឡើយ។
នៅទីលាន Tahrir ក្នុងរដ្ឋធានីBanhdad ក្រុមបាតុករ បានថ្កោលទោសអាមេរិក និងអ៊ីរ៉ង់ យ៉ាងខ្លាំងដែលបានបង្កភាពតឹនតឹង វាយប្រហារគ្នាក្នុងទឹកដីអ៊ីរ៉ាក់។ ជាមួយគ្នានោះដែរក្រុមបាតុករក៏បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីរ៉ាក់ បញ្ចៀស ការជាប់ពាក់ព័ន្ធ និងវិវាទអាមេរិក អ៊ីរ៉ង់។
អ៊ីរ៉ាក់ជាប្រទេសផលិតប្រេងលំដាប់ទីពីរនៅក្នុង អង្គការ OPEC ប៉ុន្តែបលរដ្ឋអ៊ីរ៉ាក់រស់នៅក្នុងភាពក្រីក្រដោយសារតែសង្គ្រាម។ តាមរបាយការណ៍របស់ ធនាគារពិភពលោក WB ក្នុងចំណោមពលរដ្ឋអ៊ីរ៉ាក់៥នាក់មានម្នាក់រស់នៅក្នុងបន្ទាត់ក្រីក្រ ។ ចំណែកពលរដ្ឋអត់ការងាធ្វើក៏កើនឡើងខ្ពស់ ដោយសារតែគ្មានក្រុមហ៊ុនវិនិយោគបណ្តាលមកពីសង្គ្រាម។
កាលពីខែតុលាឆ្នាំ២០១៩ ពលរដ្ឋអ៊ីរ៉ាក់បាននាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល ក្លាយទៅជាហិង្សា បណ្តាលឲ្យមនុស្សដល់ទៅ៤៦០នាក់ស្លាប់ និងជាង២៥ពាន់នាក់រងរបួស ។បាតុកម្មនោះត្រូវបានផ្អាក់ដោយសារតែការប្រឈមមុខតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់ ។ នៅពេលនេះ បាតុកម្មប្រឆាំងអាមេរិក អ៊ីរ៉ង់ អាចអូសបន្លាយក្លាយទៅជាបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ាក់សាជាថ្មី។ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏បានអំពាវនាវឲ្យអាមេរិក ដកទាហានទាំងអស់ចេញពីប្រទេសនេះ ផ្តល់ភាពស្ងប់ស្ងាត់ដល់អ៊ីរ៉ាក់វិញ ៕