ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀកៈ បទល្មើសនេសាទកើតមានជាហូរហែក្រោមដែនសមត្ថកិច្ចរបស់លោក សែ

ចែករំលែក៖

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា មកដល់ពេលនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យឈ្មួញ និងក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប នៃស្រុកស្ទោង ខេត្តកំពង់ធំ នោះទេហើយទុកឲ្យមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏រក្សាភាពស្ងៀមស្ងាត់ចំពោះបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបខេត្តកំពង់ធំ នោះដែរ។

ចំណែកប្រភពពីប្រជានេសាទនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក៏បានឲ្យដឹងដែរថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាបនៃឃុំផាត់សណ្តាយ កំពង់កើតឡើងយ៉ាងពេញបន្ទុក ព្រោះលោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងបក្ខពួកគិតតែពីរឿងប្រមូលលុយពីបទល្មើសនេសាទយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ប្រភពខ្លះបានបង្ហើបឲ្យដឹងថា ប្រភពចំណូលដែលលោក យ៉ាន់ វិសាក់ ហៅសែ ប្រមូលបាន គឺមានការបែងចែកទៅលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ យ៉ាងទៀងទាត់ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ជាងនេះទៅទៀត លោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនយកចិត្តទុកដាក់បង្រ្កាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលកម្ពុជានោះទេ។

រីឯប្រភពពីប្រជាពលរដ្ឋតាមឃុំមួយចំនួននៅស្រុកបារាយណ៍ និងស្រុកតាំងគោក បានឲ្យដឹងថា តាមបឹងតាមព្រែកតាមអូរ ក្នុងមូលដ្ឋានពួកគាត់មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទ្រៀល និងឃុំស្រឡៅ ស្រុកបារាយណ៍ បានឲ្យដឹងថា តាមបឹងតាមព្រែកតាមអូរក្នុងមូលដ្ឋានពួកគាត់មានបទល្មើសប្រើរបាំងស្បៃមុង ប្រើរបាំងសាច់អួនក្រឡាញឹក ក៏ដូចជាបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទឆក់ក្តៅឆក់ត្រជាក់ចាប់ត្រីយ៉ាងអនាធិបតេយ្យបំផុត។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា ចាប់តាំងពីលោក ប៉ែន វណ្ណរិទ្ធ ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ហើយលោក ហម ហ៊ុន ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ គឺបទល្មើសនេសាទក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកបារាយណ៍ និងស្រុកតាំងគោក កំពុងមានការកើនឡើងយ៉ាងគំហុក៕


ចែករំលែក៖