ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ ជំរុញឲ្យអភិបាលខណ្ឌ ទាំង១៤ ត្រូវពង្រឹងកិច្ចការពារសន្ដិសុខ សុវត្ថិភាពជូនពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទំាង១៤ពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ ខណៈ ភ្ញៀវ បរទេសដែលស្នាក់នៅក្នុងរាជធានីភ្នំពេញកាន់តែច្រើន ។

លោក ឃួង ស្រេង បានជំរុញបែបនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្ដមស្នងការនគរបាលរាជធានីភំ្នពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ។

ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់លើ ការកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ក្នុង រាជធានីភ្នំពេញ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀប រៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អបំផុត ការបង្ក្រាបល្បែងស៊ីសងនិងការបង្ក្រាបទៅលើគ្រឿងញៀនដែលជាបញ្ហាដ៏ធំដែលអាជ្ញាធរមាន សមត្ថកិច្ចត្រូវតែបង្ក្រាបឲ្យខាងតែបាន។

លោកបានបញ្ជាក់ថា៖ បញ្ហាល្បែង ស៊ីសងជាដើមចមបង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឲ្យល្បែងស៊ីសងមានការថមថយនឹងឈានទៅដល់ការលុបបំបាត់ទាំងស្រុង ៕ សំរិត


ចែករំលែក៖