ព័ត៌មានទាន់ហេតុការណ៍៖

បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់អ៊ុង សុវណ្ណារិទ្ធិឆ្លើយតបទៅអ៊ុក សុវណ្ណារី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ អ៊ុង សុវណ្ណរិទ្ធិ បានបញ្ចេញបទចម្រៀង ខ្ញុំក្លាយជាអ្នកជំងឺស្នេហា ហើយ ដើម្បីឆ្លើយតបទៅនឹងអត្ថន័យបទចម្រៀងស្នេហាមនោសញ្ចេតនាស៊ីជម្រៅដែលកំពុងផ្ទុះការចាប់អារម្មណ៍ពី របស់តារាចម្រៀងស្រីវ័យក្មេង អ៊ុក សុវណ្ណារី ។

បទចម្រៀងនេះ បានធ្វើឲ្យគេភ្ញាក់ផ្អើលស្របពេលដែលលេចវត្តមានអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ រូបនេះក្នុងផលិតកម្មថ្មីគីផលិតកម្ម Home Music ។ ការបញ្ចេញបទស្នេហាពេញនិយមនេះស្របពេលដែលការចូលទស្សនាបទចម្រៀងស្នាដៃនិពន្ធទំនុកច្រៀងរបស់កវី យឹម តាស្រង់ នេះមានរហូតដល់ជិត៣លានដងរួចមក ។ លោក អ៊ុង សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ជាសា្នដៃថ្មី និងសំនៀងដំបូងរបស់លោកក្រោយក្លាយជាអ្នកចម្រៀងកុងត្រានៅផលិតកម្មមួយនេះ ។

លោកថា ពិតជាសប្បាយចិត្តដែលទទួលបានឱកាសថ្មីៗ បង្ហាញសមត្ថភាពច្រៀង និងទទួលបានបទចម្រៀងដែលកំពុងពេញនិយមពីទស្សនិកជន ។ តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះ លើកឡើងដែរថា បទថ្មីនេះ ក៏ស្របតាមការសន្យារបស់លោកជាមួយអ្នកគាំទ្រ ថានឹងមានសមិទ្ធផលថ្មីផ្ញើជូនទស្សនិកជន ។ អ្វីដែកកាន់តែរំភើបគឺទទួលបានការពេញចិត្ត និងសរសើរជាច្រើនពីទស្សនិកជន ហើយជាកម្លាំងចិត្តសម្រាប់លោកបន្តការងារសិល្បៈដែលខ្លួនស្រឡាញ់ពេញបេះដូង ។ លោកបញ្ជាក់ដែរថា ក្រៅពីបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅនេះ លោក ក៏ត្រៀមបញ្ចេញបទចម្រៀងថ្មី ដើម្បីបំពេញចិត្តអ្នកគាំត្រផងដែរ ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង អ៊ុង សុវណ្ណារិទ្ធិ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្រោយពីលោកបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ រហូតដល់វគ្គ៣នាក់ចុងក្រោយ ។ លោកធ្លាប់ជាតារាចម្រៀងប្រចាំក្រុម រ៉ាក់ និងក្រុម The Melody៕ វឌ្ឍនា


ចែករំលែក៖