ព័ត៌មានទាន់ហេតុការណ៍៖

នាយគ្រឿន និងឈិន សៀវម៉ីប៉ះគ្នាលើកដំបូងក្នុងរឿង “អ្នកស៊ើបអង្កេតបែកស្លុយ”

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តខ្នាតធំបែបកំប្លែង គឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” ។ ជំនួបលើកដំបូងមែន ប៉ុន្តែពួកគេទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលភាពយន្តរបស់ផលិតកម្ម វីស៊ីន( VCINE Production) បានប្រកាសដាក់បញ្ចាំងភាពយន្តនេះជាផ្លូវការកាលពីរាត្រីថ្ងៃទី១៥ ខែមករាឆ្នាំ ២០២០ នៅរោងភាពយន្តMajor Cineplex ។

នៅ​ក្នុង​រឿង​នេះ នាយ​គ្រឿន សម្ដែង​ជា​តួឯក​ប្រុស និង​ជា​អ្នក​ស៊ើប​អង្កេត ប៉ុន្តែ​កំប្លែង​ដែល​ជា​អត្តសញ្ញាណ​របស់​លោក​នៅ​តែ​មាន​ដដែល ពោល​គឺ​ជា​អ្នក​ស៊ើប​អង្កេត​បែប​កំប្លែង​នេះ​ឯង ។ ត្បិត​ថា​នៅ​តែ​ជា​តួអង្គ​កំប្លែង នាយ គ្រឿន ប្រាប់​ថា រឿង​នេះ​លោក​មាន​ឈុត​ល្អូកល្អិន​ជាមួយ​តួ​ស្រី ឈិន សៀវម៉ី ដ៏​ស្រស់​ស្អាត ច្រើន​ជាង​រឿងកន្លងទៅ ។ នាយ គ្រឿន អះអាង​ថា សម្ដែង​កំប្លែង គឺ​មាន​ការ​លំបាក​ច្រើន ព្រោះ​ក្រៅ​ពី​កាយ​វិការ​ត្រូវ​រក​ពាក្យ​ពេចន៍​មក​និយាយ​ឲ្យ​គេ​សើច ។ ដោយ​ឡែក ឈុត​ស្នេហា ក៏​ពិបាក​មិន​ចាញ់​គ្នា​ដែរ…ត្រង់​ការ​សម្ដែង​ឲ្យ​ចូល​តួ ឲ្យ​វា​ស្និទ្ធ គឺ​នាយ​ហាក់​មិន​ទាន់​ល្អ​គ្រប់​គ្រាន់ ព្រោះ​តែ​ខ្លាច​តួ​ស្រី​យល់​ផ្សេង​មក​លើ​នាយ ។

តារាស្រីសាច់ខ្ចី ឈិន សៀវម៉ី បានលើកឡើងថាទោះបីជួបគ្នាលើកដំបូងមែនប៉ុន្តែមិនមានបញ្ហាប្រឈមនឹងការសម្តែងឡើយ ។ នាងថាកាន់តែប្លែកក្រោយពីនាងបានសម្តែងក្នុងភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង ។ នាងមានមានសាច់រឿងបែបកំប្លែង និងឈុតឆាកថ្មី ក៏បង្កប់ដោយទស្សនិៈអប់រំផងដែរ ។

លោក លី វ៉េត ចាងហ្វាង​ផលិតកម្មវីស៊ីន ​បញ្ជាក់​ថា នេះ​ជា​រឿង​ទី​២​របស់​ផលិតកម្ម បន្ទាប់​ពី​រឿង “ទេសចរណ៍​ឋាន​នរក” ហើយ​ថា បន្ទាប់​ពី​នេះ​ទៅ ផលិតកម្ម​លោក​ក៏​នៅ​មាន​រៀង​បន្ត​បន្ទាប់​ទៀត ដែល​មាន​រសជាតិ​ថ្មី​ពី​រឿង​២​ខាង​លើ ។ លោកថាភាពយន្តនេះសម្រិតសម្រាំងការផលិតប្រមាណកន្លះឆ្នាំ មុនពេលចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ ។ លោកថាជាភាពយន្តមានរសជាថ្មីប្លែក និងមានការយកចិត្តទុកដាក់ខ្ពស់លើការផលិតដើម្បីឲ្យភាពយន្តនេះអាចប្រកួតប្រជែងនៅលើទីផ្សារ ៕ វឌ្ឍនា


ចែករំលែក៖