ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនព្រះសង្ឃមួយអង្គសង្ស័យពាក់ពន្ធ័ករណីរំលោភក្មេងស្រីរហូតបានសម្រេច

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះចោទថា បានចាប់រំលោភរហូតបានសម្រេច ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យមានព្រះនាមវង្ស ពេជ្រ ព្រះជន្ន ២៤ព្រះវស្សា គង់នៅវត្តពោធិថ្មី (ហៅវត្តបាវិត) ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ។

ប្រភពបន្តថា បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីយប់ កូនស្រីរបស់ខ្លួនត្រូវបានឈ្មោះ វង្ស ពេជ្រ ចាប់រំលោភរហូតបានសម្រេច ។

សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យមកសាកសួរ ទើបសារភាពថា ពិតជាធ្វើសកម្មភាពពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានគណៈធម្មការវត្តផ្សឹករួចប្រគល់ឲ្យទៅសមត្តកិច្ចចាត់ការបន្តតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖