ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា និងតារាកំប្លែង នាយគ្រឿន បានប៉ះគ្នាលើកដំបូងក្នុងភាពយន្តខ្នាតធំបែបកំប្លែង គឺរឿង “កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” ។ ជំនួបលើកដំបូងមែន ប៉ុន្តែពួកគេទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសដែលភាពយន្តរបស់ផលិតកម្ម វីស៊ីន( VCINE Production) បានប្រកាសដាក់បញ្ចាំងភាពយន្តនេះជាផ្លូវការកាលពីរាត្រីថ្ងៃទី១៥ ខែមករាឆ្នាំ ២០២០ នៅរោងភាពយន្តMajor Cineplex ។
នៅក្នុងរឿងនេះ នាយគ្រឿន សម្ដែងជាតួឯកប្រុស និងជាអ្នកស៊ើបអង្កេត ប៉ុន្តែកំប្លែងដែលជាអត្តសញ្ញាណរបស់លោកនៅតែមានដដែល ពោលគឺជាអ្នកស៊ើបអង្កេតបែបកំប្លែងនេះឯង ។ ត្បិតថានៅតែជាតួអង្គកំប្លែង នាយ គ្រឿន ប្រាប់ថា រឿងនេះលោកមានឈុតល្អូកល្អិនជាមួយតួស្រី ឈិន សៀវម៉ី ដ៏ស្រស់ស្អាត ច្រើនជាងរឿងកន្លងទៅ ។ នាយ គ្រឿន អះអាងថា សម្ដែងកំប្លែង គឺមានការលំបាកច្រើន ព្រោះក្រៅពីកាយវិការត្រូវរកពាក្យពេចន៍មកនិយាយឲ្យគេសើច ។ ដោយឡែក ឈុតស្នេហា ក៏ពិបាកមិនចាញ់គ្នាដែរ…ត្រង់ការសម្ដែងឲ្យចូលតួ ឲ្យវាស្និទ្ធ គឺនាយហាក់មិនទាន់ល្អគ្រប់គ្រាន់ ព្រោះតែខ្លាចតួស្រីយល់ផ្សេងមកលើនាយ ។
តារាស្រីសាច់ខ្ចី ឈិន សៀវម៉ី បានលើកឡើងថាទោះបីជួបគ្នាលើកដំបូងមែនប៉ុន្តែមិនមានបញ្ហាប្រឈមនឹងការសម្តែងឡើយ ។ នាងថាកាន់តែប្លែកក្រោយពីនាងបានសម្តែងក្នុងភាពយន្តកំប្លែងមួយនេះ ដែលជាភាពយន្តខ្នាតធំលើកដំបូង ។ នាងមានមានសាច់រឿងបែបកំប្លែង និងឈុតឆាកថ្មី ក៏បង្កប់ដោយទស្សនិៈអប់រំផងដែរ ។
លោក លី វ៉េត ចាងហ្វាងផលិតកម្មវីស៊ីន បញ្ជាក់ថា នេះជារឿងទី២របស់ផលិតកម្ម បន្ទាប់ពីរឿង “ទេសចរណ៍ឋាននរក” ហើយថា បន្ទាប់ពីនេះទៅ ផលិតកម្មលោកក៏នៅមានរៀងបន្តបន្ទាប់ទៀត ដែលមានរសជាតិថ្មីពីរឿង២ខាងលើ ។ លោកថាភាពយន្តនេះសម្រិតសម្រាំងការផលិតប្រមាណកន្លះឆ្នាំ មុនពេលចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមករានេះតទៅ ។ លោកថាជាភាពយន្តមានរសជាថ្មីប្លែក និងមានការយកចិត្តទុកដាក់ខ្ពស់លើការផលិតដើម្បីឲ្យភាពយន្តនេះអាចប្រកួតប្រជែងនៅលើទីផ្សារ ៕ វឌ្ឍនា