ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខម្នាក់ ខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ សង្ស័យដើរចូលទឹកទន្លេសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាសន្តិសុខឯកជនមួយ ហើយគេសង្ស័យថាគាត់ដើរចូលក្នុងទឹកទន្លេសម្លាប់ខ្លួន បន្ទាប់ពីខឹងថៅកែមិនបើកប្រាក់ខែឲ្យ និងជួបវិបត្តិក្នុងគ្រួសារ បន្សល់ទុកកូនកំព្រាចំនួន៤នាក់ ។

ករណីភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានគេប្រទះឃើញសពកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងទន្លេសាប ក្រុម៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ អឿ រ៉ាវី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរសន្តិសុខនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិ-ឃុំកើតហេតុ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីម៉ោងប្រមាណ ៣ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយក្រុមគ្រសារបានព្យាយាមដើរដែល តែរកមិនឃើញសោះ ។ ក្រោយមក ក៏ប្រទះឃើញស្បែកជើងជនរងគ្រោះ នៅច្រាំងទន្លេ និងឃើញមួកជនរងគ្រោះអណ្តែតទឹក ភ្លាមនោះពួកគាត់ ក៏បានសាកសួរអ្នកនេសាទដែលកំពុងជិះទូក គេប្រាប់ថា ឃើញបុរសរងគ្រោះ បានដើរចុះទឹក នៅវេលាម៉ោងកើតហេតុ ហើយពេលនោះ ក៏ត្រូវបានគេដេញឲ្យឡើងគោកវិញផងដែរ ។ ប៉ុន្តែមិនថាគាត់ដើរទៅណានោះទេ ។

បន្ទាប់ពីឮបែបនេះ ក្រុមគ្រួសារសង្ស័យថា គាត់អាចនឹងលង់ទឹកស្លាប់នៅទីនេះ ប៉ុន្តែដោយសារតែគ្មានលុយជួលឲ្យគេមុជរាវរកនោះ ទើបពួកគាត់បានត្រឹមអង្គុយចាំមើលសពអណ្តែតឡើងប៉ុណ្ណោះ តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃប្រទះឃើញ គឺនៅវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០នេះ ។

បើតាមប្រភពពីអ្នកភូមិ បានឲ្យដឹងដែរថា បុរសរងគ្រោះគឺមានវិបត្តិផ្លូវចិត្ត ប្រហែលជា៤ខែមកហើយ ដោយជីវភាពក្រីក្រពេក ហើយក្នុងគ្រួសារចេះតែរកាំរកូស ម្យ៉ាងទៀតនៅពេលគាត់ទៅធ្វើការជាសន្តិសុខ បានរយៈពេលជាងមួយខែ ក៏ត្រូវថៅកែមិនបើកលុយឲ្យទៀត ធ្វើឲ្យគាត់កាន់តែជួបវិបត្តិធ្ងន់ធ្ងរទើបអាចមកសម្លាប់ខ្លួនតែម្តងទៅ ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ជនរងគ្រោះសម្លាប់ដោយសារលោតទឹកសម្លាប់ខ្លួន ឬក៏គាត់ដើរចូលទៅក្នុងទឹកដើម្បីធ្វើអត្តឃាតខ្លួនឯងនោះទេ គ្រាន់តែដឹងថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។

ក្រោយកើតហេតុ សពក្រោយសមត្ថកិច្ចពិនិត្យ និងធ្វើកោសលវិច័យរួច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសន្តិវន្ត ៕ អារុណរះ


ចែករំលែក៖