ខេត្តស្វាយរៀង៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែងក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុងតំំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្នព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណៈសិល្បៈ តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខផងដែរ ។
ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទីតាំង៣កន្លែងផ្សេងគ្នា ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយមានការចូលរួមពីអធិការនគរបាលកងរាជអាវុធហត្ថក្រុងមន្ត្រីសាលាក្រុងជាច្រើនរូប ។
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ការចុះត្រួតពិនិត្យកន្លែងចាក់សាក់នេះ គឺមាន៣កន្លែងផ្សេងគ្នាមាននៅសង្កាត់ស្វាយរៀង២កន្លែង និងសង្កាត់ចេក១កន្លែង ។
បន្ទាប់ពីលោកបានដឹកនាំក្រុមការងារចុះពិនិត្យ និងណែនាំទីតាំងចាក់សាក់ចំនួនបីកន្លែងរួចមកក្រុមការងារនឹងរៀបចំលិខិតរដ្ឋបាលដើម្បីផ្អាកអាជីវកម្មចាក់សាក់នេះ ជាបណ្តោះអាសន្នរង់ចាំការសម្រេចពីលោកអភិបាលក្រុង ស្វាយរៀង ។
លោកក៏បានបន្ថែមថា ការអាជីវកម្មទាំងនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ម្យ៉ាងវិញទៀតទោះអាជីវកម្មនេះ ជាលក្ខណៈសិល្បៈក៏ពិតមែន ប៉ុន្តែវាបានបង្កប់នូវសកម្មភាពអសន្តិសុខជាច្រើនក្នុងសង្គមរបស់យើង ៕ យឹម សុថាន