ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិពលរដ្ឋម្នាក់ នៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ បានចាប់ខ្លួនបុរសម្នាក់ ដែលជាមុខសញ្ញាលួចកាច់.កម៉ូតូ ខណៈដែលជននេះកំពុងដើរតាមផ្លូវម្នាក់ឯង ដើម្បីរកមើលម៉ូតូណាដែលប្រជាពលរដ្ឋទុកប្រហែស និងធ្វើសកម្មភាពលួច តែមិនទាន់បានលួចផង ក៏ប្រទះជាមួយកម្លាំងល្បាតបុស្តិ៍ ឃាត់ខ្លួនឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់.កម៉ូតូមួយឈុត រួចនាំយកមកសាកសួរចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនមុខសញ្ញាចោរលួចខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម១៤ ស្ថិតភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឡឹក ចាន់សារ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ “ប៉ុនប៉ងលួច ទ្រព្យសម្បត្តិ” ។

សម្ភារដកហូតបាន៖ ដែកកែច្នៃសំប៉ែតចុងស្រួចចំនួន១ ; កូនសោលេខ៨ចំនួយ១; កូនសោម៉ូតូចំនួន២ ។

តាមប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសង្កែ១ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌនិងប៉ុស្តិ៍ បានធ្វើការល្បាតក្នុងភូមិសាស្រ្ត ក៏ប្រទះឃើញជនសង្ស័យត្រង់ចំណុចខាងលើ ដោយមានការសង្ស័យ បានសុំធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូក្នុងហោប៉ាវអាវជនសង្ស័យ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាកសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាលទួលសង្កែទី១ ដើម្បីបន្តនីតិវិធី ៕ អារុណរះ


ចែករំលែក៖