ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនិពន្ធវ័យក្មេង នួន ម៉ូលីន បញ្ចេញស្នាដៃទី២រឿង ថេកចុងក្រោយ ក្រោយរឿង“នាឡិកាដាស់វិញ្ញាណ”ជោគជ័យខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”អ្នកនិពន្ធវ័យក្មេងលោក នួន ម៉ូលីន បានបញ្ចេញស្នាដៃថ្មីរបស់ខ្លួនបន្តនៅក្នុងផលិតកម្ម LD Picture ដែលជាភាពយន្តបែបភ័យរន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ” ។ ជាស្នាដៃ និងរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅ ។

ការបញ្ជាក់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តមួយនេះក្រោមវត្តមានផលិតករសិល្បករជាច្រើនកុះករចូលរួម ។

អ្នកនិពន្ធរឿងលោក នួន ម៉ូលីន បានលើកឡើងថានេះគឺជាភាពយន្តទី២ដែលលោកបានខិតខំនិពន្ធ ជាច្រើន ខែមុនពេលត្រូវបានយកទៅផលិតជាភាពយន្ត ភាពយន្តនេះបានឆ្លុះបញ្ចាំងពីថតភាពនៃសង្គមបច្ចុប្បន្នមួយចំនួន ដូចជាការប្រើប្រាស់ពាក្យពេចន៍នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ លោកថាក្រៅពីមានឈុតឆាកភ័យរន្ធត់ជាច្រើន ភាពយន្តនេះបានបង្កប់ដោយខ្លឹមសារអប់រំមួយចំនួនបន្ថែមទៀត ពិសេសទំនាក់ទំនងឆ្លុះបញ្ចាំងពីការស្រលាញ់បងប្អូន នៅក្នុងក្រុមក្រួសារមួយ ។ លោករំពឹងទុកថាភាពយន្តនេះនឹងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ពិសេសអ្នកដែលធ្លាប់គាំទ្រ និងនិយមទស្សនាភាពយន្តខ្មែរ ។

កញ្ញា ប៊ូ ច័ន្ទដាណែត ដែលជាតារាសម្តែងក្នុងភាពយន្តនេះបានបង្ហាញពីការពេញចិត្តខ្លាំងនឹងស្នាដៃថ្មីមួយនេះរបស់ផលិតកម្ម LD Picture ដែលកញ្ញាលើកឡើងថាជាភាពយន្តមានគុណភាព ក្រោមការយកចិត្តទុកដាក់ពីផលិតករ ខណៈតារាសម្តែងក៏ជាសិល្បករប្រុសស្រីល្បីឈ្មោះ ។ បើទោះបីជានេះគឺជាការសម្តែងភាពយន្តខ្នាតធំរបស់ខ្លួនមែនប៉ុន្តែកញ្ញាថា ក្នុងភាពយន្តនេះមានលក្ខណៈពិសេសស្ទើរគ្រប់ឈុត សំខាន់គឺបង្កប់ដោយទស្សនៈអប់រស៊ីជម្រៅ ដែលកញ្ញារំពឹងថាទស្សនិកជននឹងទទួលបានទស្សនីយភាពថ្មីប្លែក និងទទួលបានគំនិតល្អៗក្រោយទស្សនាភាពយន្តមួយនេះចប់ ។

គួរបញ្ជាក់ដែរថា ចុងឆ្នាំ ២០១៩ ភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ”បានក្លាយជាភាពយន្តដែលទទួលបានពានរង្វាន់ច្រើនបំផុត ហើយក៏ជាភាពយន្តដែលត្រូវបាននាំចេញទៅចាក់បញ្ចាំងនៅលើរោងកុននៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ។ ខណៈភាពយន្តស្នាដៃទី២របស់ផលិតករ នួន ម៉ូលីន នេះគឺរឿង “ថេកចុងក្រោយ” បាន និងកំពុងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៣ ខែមករាឆ្នាំ ២០២០នេះតទៅនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ ៕ វឌ្ឍនា


ចែករំលែក៖