ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចយកគ្រឿងអល័ង្កកា និងប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីលួចយកគ្រឿងអលង្ការ និងប្រាក់ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចក្នុងរោងស្នាក់នៅកម្មករសំណង់ផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ធី សុធា ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , ឈ្មោះ ធី វ៉ាធិ ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ទេព ស៊ីនួន ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ២១ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាក់សម្ភាររបស់គាត់នៅក្រោមក្នើយក្នុងបន្ទប់ជួលហើយក្រុមជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពចូលលួចបានសម្រេច ពេលនោះជនរងគ្រោះឃើញដែរតែចាប់មិនបាន ។

លោកនាយប៉ុស្តិ៍បានបន្តទៀតថាលុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយមកលោកបានស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើតែម្តង ។

សម្ភារបាត់បង់ ៖ មាសជាខ្សែក២ខ្សែមានបណ្តោង ទម្ងន់១.៥ជី , ខ្សែកប្លាកទីន១ ទម្ងន់៥ជី ចិញ្ចៀនមាស២វង់ ទម្ងន់៦ជី និងលុយខ្មែរ១.២៥០.០០០ , លុយដុល្លារ ៧០ដុល្លា ។ សម្ភារបន្សល់ទុក លោហៈធាតុពណ៌លឿងមានបន្តោង០១ខ្សែ(ខ្សែក) , ខ្សែដៃពណ៌លឿងស្លេក១ខ្សែ , ចិញ្ចៀនលោហៈពណ៌លឿងស្លេក២វង់ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា


ចែករំលែក៖