ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលចង់បានភ្លើងបំភ្លឺផ្លូវ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ឥឡូវនេះ ត្រូវបានអាជ្ញាធរខណ្ឌផ្តល់ជូនហើយ ធ្វើឲ្យប្រជាពលរដ្ឋចំនួន៤ភូមិ រួមមានភូមិក្តីតាកុយ ភូមិវាលស្បូវ សង្កាត់វាលស្បូវ និងភូមិជ្រោយបាសាក់ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
និយាយរួមក្រោមដំបូលសន្តិភាព និងអរគុណសន្តិភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន សមិទ្ធិផលថ្មីៗបានកើតឡើងជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅដូចជា ផ្លូវបេតុងជាច្រើនខ្សែ ប្រព័ន្ធលូរំដោះទឹក អគារទីស្នាក់ការភូមិ ការពង្រឹងការងារសន្តិសុខសង្គមដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប់មិនឲ្យកើតមានបទល្មើស និងការងារចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជាដើម ។
ឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផ្លូវបេតុងជិត១០ខ្សែបានស្ថាបនារួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាសរួមជាមួយប្រព័ន្ធលូរំដោះទឹក ជាមួយគ្នានេះភ្លើងបំភ្លឺងអមសងខាងផ្លូវក៏ដាក់ឲ្យដំណើរការផងដែរ នៅមានសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ។
បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីៗដូចជាផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ភ្លើងបំភ្លឺអមសង្ខាងផ្លូវដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់ ប្រជាពលរដ្ឋបានសំដែងនូវការអបអរសាទរសប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌច្បារអំពៅដែលខិតខំជំរុញការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានឲ្យមានការរីកចម្រើន ។
ជាមួយគ្នានេះលោកអភិបាលខណ្ឌក៏បានសំណូមពរដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសមិទ្ធផលថ្មីៗដែលបានកើតឡើងទុកប្រើប្រាស់រយៈពេលយូ ជាពិសេសអរគុណសន្តិភាព រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាជំរុញការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ និង សង្កាត់ ឲ្យមានការរីកចម្រើនថែមទៀត ៕ សណ្តោស