ភ្នំពេញ៖ ពិតជារបត់នៃការរីកចម្រើនថ្មីនៃវិស័យសិល្បៈចម្រៀង ក្រោយពីតារាចម្រៀង តន់ ចន្ទសីម៉ា ទើបតែបានចុះកុងត្រាជាមួយនិពន្ធ ដោយខ្លួនស្ម័គ្រចិត្តកាត់ប្រាក់២០ភាគរយរកចំណូលបានពីការងារសិល្បៈទៅជូនអ្នកនិពន្ធ ដែលខិតខំផលិតបទចម្រៀងឲ្យខ្លួនច្រៀង ។
ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីអ្នកនិពន្ធល្បីឈ្មោះលោក យឹម តាស្រង់បានទម្លាយលើបណ្តាញទំនាក់ទំនងសង្គម ហើយសកម្មភាពខាងលើ អាចចាត់ទុកថាជាប្រវត្តិសាស្ត្រលើការតែងនិពន្ធរបស់អ្នកនិពន្ធខ្មែរ ដែលតារាចម្រៀងហ៊ានចែកភាគរយ ដែលខ្លួនរកបានឲ្យអ្នកនិពន្ធវិញ ពេលដែលខ្លួនរកចំណូលបានពីសិល្បៈដែលសកម្មភាពនេះត្រូវបានគេមើលឃើញថា លើកទឹកចិត្តខ្លាំងបំផុតដល់អ្នកនិពន្ធជាបុគ្គល ដែលនៅពីក្រោយភាពជោគជ័យរបស់តារាចម្រៀងនីមួយៗ ។
លោក យឹម តាស្រង់ បានឲ្យដឹងបន្ថែមថា ទង្វើរបស់តារាចម្រៀងខាងលើ គឺជាការតបស្មងដ៏ធំមួយ ដែលលោកខំលើកស្ទួយកន្លងមកនេះ ហើយក៏ជាការលើកទឹកចិត្តដល់អ្នកនិពន្ធទូទៅផងដែរ ។ លោកបានបញ្ជាក់ថា ការចែកប្រាក់២០ភាគរយរបស់សីម៉ានេះ មិនមែនសំដៅតែបានមកពីការច្រៀង១មុខឡើយគឺគ្រប់រូបភាពទាំងអស់ដែលបានមកពីសិល្បៈដូចជាការថតស្ប៉តឬភាពយន្តជាដើម ។ ទទួលបានការលើកទឹកចិត្តលើកដំបូងនេះពីតារាចម្រៀងលោកយឹមតាស្រង់និយាយថាលោកនឹងព្យាយាមផលិតបទចម្រៀងជាច្រៀងបន្ថែមទៀតឲ្យសីម៉ាច្រើនដោយក្នុង១ខែមិនក្រោម១០បទឡើយហើយបទចម្រៀងទាំងនោះនឹងចេញជាបន្តបន្ទាប់ឆាប់ៗនេះ ។
កិច្ចសន្យានេះមិនបានកំណត់ឆ្នាំឡើយប៉ុន្តែលោកថា មានរយៈពេលវែងហើយការធ្វើឡើងមិនមែនធ្វើតែមាត់នោះទេ គឺមានទាំងមេធាវី ចាងហ្វាងផលិតកម្ម Galaxy Navatraធ្វើថែមទៀតផង ។ តាមការបញ្ជាក់ពីតារាចម្រៀងតន់ចន្ទសីម៉ាកុងត្រាខាងលើគឺកើតឡើងដោយការស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយដោយនាងពេញចិត្តក្នុងការធ្វើវាឡើងដើម្បីតបស្មងទៅអ្នកនិពន្ធដែលខំផលិតបទចម្រៀងឲ្យខ្លួនច្រៀង៕ វឌ្ឍនា