ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ និងមន្ត្រីជំនាញខេត្តស្វាយរៀង ចុះផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ និងអនុវិទ្យាល័យខ្ជាយបន្ទាប់ពីមានដួលសន្លប់ជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានសិស្សានុសិស្សថប់ដង្ហើមសន្លប់ ១០នាក់ អាជ្ញាធរ និងមន្ត្រីជំនាញខេត្តស្វាយរៀង ចុះផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ និងអនុវិទ្យាល័យខ្ជាយនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ដោយ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីធ្វើតេស្តរកសារធាតុគីមី ។

មន្ត្រីជំនាញកាំកង់ត្រូលបានឲ្យដឹងថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានធ្វើមុខទំនិញចំនួន៣២មុខ ក្នុងនោះបានរកឃើញទំនិញមានសារធាតុគីមី ហាមឃាត់ នៅក្នុងបង្អែមលតអង្ក មានសារធាតុគីមី (Borax) និងនំបង្អែមការចាក់ចន្ទ័ មានសារធាតុគីមី (Borax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីកម្ទេចចោល នៅពេលក្រោយ និងបានណែនាំឲ្យអ្នកលក់បញ្ឈប់លក់មុខទំនិញទាំងពីរមុខនេះ ព្រោះវាបានប៉ះពាល់ដល់ក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលសិស្សានុសិស្សបានបរិភោគ ។

មន្ត្រីអាជ្ញាធរខេត្តស្វាយរៀងបានអំពាវដល់សិស្សានុសិស្សទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុន និងទិញ យកទៅបរិភោគដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះពិនិត្យទំនិញនៅតាមសាលារៀន និងផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញប់ជាបន្តបន្ទាប់បន្ថែមទៀត និងបានថ្លែងផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងចេះថែរក្សាសុខភាព កាត់បន្ថយការមើលទូរសព្ទ និងកុំប្រើប្រាស់ផលិតផលសម្រកទម្ងន់ ដែលនាំឲ្យប៉ះពាល់សុខភាព និងត្រូវពិនិត្យមើលស្លាកសញ្ញាចំណីអាហារឲ្យបានត្រឹមមុន និងបរិភោគ កុំហូបចំណីដែលគ្មានកាលបរិច្ឆេតច្បាស់លាស់ ជាពិសេសត្រូវផ្អាកហូបបង្អែមពីរមុខ ដែលមន្ត្រីកាំកុងត្រូលរកឃើញមានសារធាតុគីមីហាមឃាត់ ។ លោកគ្រូអ្នកគ្រូ ត្រូវដឹកនាំសិស្សានុសិស្សសម្អាតទីធ្លាសាលាឲ្យបានល្អ ចំណែកអ្នកលក់ត្រូវមានអនាម័យ ក្នុងការលក់ចំណីអាហារដល់សិស្សផងដែរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ មានសិស្សនៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦នាក់ (ស្រីទាំង៦នាក់) និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ចំនួន ៤នាក់ មានអាការៈមិនស្រួលខ្លួន ៕ យឹម សុថាន


ចែករំលែក៖