ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង

ចែករំលែក៖

ខេត្តព្រះវិហារ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និង ២នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បើកបរក្នុងល្បឿនលឿនបានរេចង្កូត ធ្លាក់ផ្លូវក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅផ្លូវបំបែកចូលភូមិដងផ្លិត លើកំណាត់ផ្លូវជាតិលេខ៩ ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៤១ ក្នុងភូមិសាស្ត្រឃុំឆែបមួយ ស្រុកឆែប ក្នុងទឹកដីខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានឲ្យដឹងនៅវេលាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា មុនពេលកើតហេតុរថយន្តខាងលើ បានបើកបរក្នុងល្បឿនលឿនចេញពីភូមិដងផ្លិត លុះដល់ចំណុចកើតហេតុខាងលើ ផ្លូវបត់ស្តាំលើកំណាត់ផ្លូវជាតិលេខ៩ ដោយសារយកចង្កូតមិនទាន់ក៏ជ្រុលចង្កូត ធ្លាក់ផ្លូវខាងឆ្វេងដៃ បណ្តាលឲ្យក្រឡាប់ស្លាប់បុរសម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់ទៀត។

លោកអធិការស្រុក បានបន្តទៀតថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ និងបានបញ្ជូនជនរងគ្រោះ២នាក់ ទៅព្យាបាលនៅមណ្ឌុលសុខភាពស្រុកឆែប និងបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ចំណែកសាកសពបានទាក់ទងទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកបានបញ្ចាក់ទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ តេង ធូ ភេទប្រុស រស់នៅភូមិចុងអង្រ្កង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាអ្នកបើកបររថយន្តម៉ាករ៉េវ៉ូពណ៍ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ2.1969 ដឹកទ្វារចំនួន១៦វង់។

ដោយឡែក អ្នករួមដំណើរពីរអ្នករងរបួស ទី១.ឈ្មោះ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ របួសស្រាល និងទី២.ឈ្មោះ ពោ អ៊ីកា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺរងរបួសធ្ងន់៕ មាស សុផាត


ចែករំលែក៖