ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ម៉ូតូដឹកសំរាមដល់សង្កាត់ទាំង៨ នៅក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រចដកសិទ្ធប្រមូលសំរាមពីក្រុមហ៊ុនស៉ីនទ្រី ប្រគល់មកអោយសាលារាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវវិញនោះ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សាលារាជធានីភ្នំពេញបានប្រគល់ម៉ូតូដឹកសម្រាមដល់ខណ្ឌទាំងអស់ក្នុងរាជធានី ។

ដោយឡែកសម្រាប់ខណ្ឌច្បារអំពៅទទួលបានចំនួន៨គ្រឿងផងដែរ ហើយត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌ ប្រគល់ដល់សង្កាត់ទាំង៨ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីពន្លឿនការប្រមូលសម្រាមអោយទាន់ពេលវេលា ។

លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានអោយដឹងថា សម្រាប់ខណ្ឌច្បារអំពៅទទួលបានចំនួន៨គ្រឿង តែជំហ៊ានដំបូងទទួលបាន៦គ្រឿងសិន នៅសល់២គ្រឿងទៀតនិងទទួលនៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខ ព្រោះផលិតអត់ទាន់ ។

បន្ទាប់ពីសាលារាធធានីភ្នំពេញផ្តល់ម៉ូតូដល់រដ្ឋបាលខណ្ឌរួចមក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកអភិបាលខណ្ឌច្បារអំពៅបានធ្វើពិធីប្រគល់ម៉ូតូដល់សង្កាត់ចំនួន៥សិន រួមមានសង្កាត់ច្បារអំពៅទី១​ ច្បារអំពៅ​ទី២​ ​ព្រែកប្រា​ និរោធ​ និងសង្កាត់វាលស្បូវ​ ដោយឡែកនៅសង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ និងប្រគលជូននៅពេលខាងមុខ ។

ក្នុងពិធីប្រគល់ម៉ូតូសម្រាប់ដឹកសម្រាមនេះដែរលោកអភិបាលខណ្ឌច្បារអំពៅបានណែនាំអោយលោក-លោកស្រី ជាចៅសង្កាត់ត្រូវជំរុញការប្រមូលសម្រាមនៅក្នុងមូលដ្ឋានសង្កាត់អោយបានលឿន រហ័ស ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ មួយផ្នែកទៀតត្រូវជំរុញការផ្សព្វផ្សាយពីបញ្ហាសម្រាមដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយ ពីការវេចខ្ចប់ទុកដាក់សម្រាម និងញែកសម្រាម អោយបានត្រឹមត្រូវ ជាពិសេសត្រូវផ្សព្វផ្សាយពីបញ្ហាបរិស្ថាន អនាម័យ ដែលជាដើមចមនៃការ បង្កគ្រោះថ្នាក់ដល់សុខភាពដែលកើតចេញសំរាម ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍បានណែនាំបន្ថែមអោយលោក-លោកស្រី ជាចៅសង្កាត់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ការងារបរិស្ថាន អនាម័យ និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរ ក្នុងការអនុវត្តគោល នយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធភាព ៕ សណ្តោស


ចែករំលែក៖