ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះបន្ទប់ឈើប្រក់ស័ង្កសីចំនួន៤បន្ទប់ នៅក្នុងផ្ទះសំណាក់ «ឃីហេង»

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះបន្ទប់ឈើប្រក់ស័ង្កសីចំនួន៤បន្ទប់ នៅក្នុងផ្ទះសំណាក់ «ឃីហេង» បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ98E0 ជាន់ទី៣ផ្លូវលេខ៨១ ក្រុមទី៤០ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះសំណាក់ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ៤៩ឆ្នាំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ បន្ទប់ដែលត្រូវអគ្គិភ័យឆាបឆេះ គ្មានភ្លៀវចូលសម្រាកទេ ស្រាប់តែគេឃើញ មានផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្នុងបន្ទប់ជាន់ទី៣។ មួយសន្ទុះក្រោយមក ក៏មានកើតជាអណ្ដាតភ្លើងឆាបឆេះ ក្នុងបន្ទប់តែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ខណ:ដែលភ្លើង បានឆេះរាលដាលពីបន្ទប់មួយទៅបន្ទប់មួយទៀត។

ក្នុងហេតុការណ៍នេះ សមត្ថកិច្ច ចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង និងប្រើប្រាស់ទឹកបាញ់អស់ចំនួន៨គ្រឿង ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៨គ្រឿង បាញ់ទឹកអស់៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រចំនួន២គ្រឿងបាញ់ទឹកអស់ទាំង២គ្រឿង។

សម្ភារ:ខូចខាត៖ ឆេះបន្ទប់ប្រភេទឈើប្រក់ស័ង្កសីទំហំ២x២ម៉ែត្រចំនួន៤បន្ទប់អស់ទាំងស្រុង តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ៕ ជ្រោយពេជ្រ


ចែករំលែក៖