ភ្នំពេញៈ ព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៣២៦នាក់ និងសិស្សLevel 12 ចំនួន ១៩០នាក់ ដែលទទួលបានពិន្ទុ តេស្តអន្តរជាតិ IELTS (អាយអែល) ចាប់ពី៥.០ឡើងទៅ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១(សាខាទួលស្លែង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ ។
លោក ចាន់ ទីតា ប្រធាននាយកដ្ឋានភាសាអង់គ្លេស នៃប៊ែលធី គ្រុបបានឲ្យដឹងថា៖ សិស្សភាសាអង់គ្លេស Level 12 ដែលបានប្រឡងបញ្ចប់ទាំង ៥២ជំនាន់ មានចំនួន ១០.៤៥២នាក់ ក្នុងនោះសិស្សដែលទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS (អាយអែល) ចាប់ពី៥.០ ឡើងទៅមានចំនួន ៦,៤៦៧ ស្មើនឹង ៦២% នៃចំនួនសិស្សដែលបានប្រឡងចេញ ។ ដោយមាន MoU រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) ដែលមានទីតាំងនៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស សិស្សប៊ែលធីពេលបញ្ចប់ការសិក្សាភាសាអង់គ្លេស Level 12 ដែលទទួលបានពិន្ទុ IELTS (អាយអែល) ចាប់ពី៥.0 ឡើងទៅ នឹងទទួលបាន វិញ្ញាបនបត្រ២ គឺទី១ ចេញដោយប៊ែលធី (BELTEI ESL Diploma) និងទី២ ចេញដោយ ក្រុមប្រឹក្សាភាសាអង់គ្លេស (British Council) ។ ចំពោះសិស្ស ដែល ទទួលបានពិន្ទុ IELTS (អាយអែល) ចាប់ពី 6.5 ដល់ 7.0 នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិរយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5ឡើងទៅ នឹងទទួលបានអាហារូបករណ៍ឧកញ៉ា លី ឆេង១០០% ទៅសិក្សានៅក្រៅប្រទេសផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗជ័យលាភីទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ មករៀនទៀងទាត់ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម ស្របតាមបាវចនារបស់ប៊ែលធីគឺ “ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រលើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមក និងបានសហការយ៉ាងល្អប្រសើរជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ដែលធ្វើឱ្យសាលាមានលទ្ធភាពពង្រីកទីតាំងជាតបន្តបន្ទាប់ និងអាចពង្រឹងគុណភាពអប់រំជូនដល់សិស្សានុសិស្សប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ សាកសមជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យបានកាន់តែរីកចម្រើននាពេលអនាគត។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រដល់សិស្ស ជ័យលាភីទាំង ៥១៦នាក់ នាពេលនោះផងដែរ៕ អរុណរះ