ពលរដ្ឋនៅក្នុងទីក្រុងវ៉ូហាន រស់នៅយ៉ាងលំបាក ដោយសារតែការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ហើយពេលនេះអាកាសធាតុ ចុះត្រជាក់ខ្លាំង ធ្លាក់ព្រិលយ៉ាងក្រាស និងមានភ្លៀងធ្លាក់ទៀត ធ្វើឲ្យការរស់នៅកាន់តែវេទនា ។
ពលរដ្ឋនៅទីក្រុងវ៉ូហានកំពុងតែទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ បណ្តាលឲ្យមានអ្នកស្លាប់ ជិត១៨០០នាក់ និងឆ្លងរាលដាលជាង៧ម៉ឺននាក់ ។ ប៉ុន្ដែពេលនេះទីក្រុងវ៉ូហានប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ភ្លៀង ធ្លាក់ព្រិល បង្កផលលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។
តាមសារព័ត៌មាន Infonet បានផ្សាយថា បើតាមក្រសួងព្យាករណ៍អាកាសធាតុចិន អាកាសធាតុត្រជាក់ បានគ្របដណ្តប់ នៅតាមបណ្តាលខេត្តភាគខាងជើង និងភាគកណ្តាលប្រទេសចិន ក្នុងនោះមាន Shandong, Beijing, Tianjin, Hubei ដោយមានភ្លៀងធ្លាក់ ខ្លាំង និងព្រិលធ្លាក់យ៉ាងក្រាស់ផងដែរ ។ ហេតុការណ៍ខាងលើ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះ ។
បច្ចុប្បន្នពលរដ្ឋចិន រាប់លាននាក់ បានវិលត្រឡប់ទៅធ្វើការវិញហើយ បើទោះជាវីរុសកូវីដ -១៩ មិនទាន់ស្ងប់ស្ងាត់ក្តី ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តតាមស្រុកភូមិនីមួយៗ ក៏បានខិតខំទប់ស្កាត់ការឆ្លងរាលដាល នៅក្នុងភូមិរបស់ខ្លួន ដោយការវាស់កម្តៅ បាញ់ថ្នាំបង្ការ នៅតាមទីសាធារណៈជាដើម ។ ជាមួយគ្នានេះ មន្ត្រីក្នុងតំបន់ក៏បានអំពាវនាវដល់ពលរដ្ឋ កាត់បន្ថយទំនាក់ទំនងជាមួយមនុស្សចម្លែក មកពីតំបន់ផ្សេង ដើម្បីបញ្ចៀសការឆ្លងរាលដាល មកក្នុងតំបន់របស់ខ្លួន៕