ភ្នំពេញ៖ ពលរដ្ឋប្រមាណជាង២០នាក់ តំណាងអោយប្រមាណ១២៦គ្រួសាររស់នៅភូមិ ចំនួន ២ គឺ ភូមិ ត្រពាំងសំព័រ និងភូមិ ស្រែជម្រៅ សង្កាត់គោករការ បានលើកគ្នា ទៅសាលាខណ្ឌព្រែកព្នៅ ដើម្បីសុំអោយលោកអភិបាលខណ្ឌ និងអភិបាលរាជធានីភ្នំពេញមេត្តាជួយអន្តរាគមន៍ អោយតបណ្តាញទឹករដ្ឋបានប្រើប្រាស់ ។
ការលើកគ្នា ទៅសុំទឹកស្អាតនេះ កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីអ្នកភូមិចំនួន១២៦នាក់ បានផ្តិតមេដៃស្នើសុំទឹកស្អាតជាច្រើនលើកមកហើយ មិនបាន ខណ: ដែលដីឡូត៍ លោកសន ស៊ីន ចៅសង្កាត់គោករការពុះលក់ថ្មីៗមានទឹកប្រើប្រាស់។
តាមប្រជាពលរដ្ឋ បានអោយដឹងថា ពួកគាត់ ជាប្រជាជនថ្មី ដែលបានមករស់នៅ ក្នុងភូមិ ខ្លះ១ឆ្នាំរហូតដល់៣ទៅ៤ឆ្នាំ ពុំមានទឹករដ្ឋប្រើ នោះទេ ដោយរស់នៅវេទនាបំផុតដោយទិញទឹកដឹកតាមរថយន្តប្រើប្រាស់ក្នុងមួយរថយន្ត ៣ម៉ឺនរៀល ឬក៏សុំតទឹកពីអ្នកភូមិនៅក្បែរ ដោយតបណ្តាក់គ្នាដើម្បីអោយតែបានប្រើប្រាស់ហើយ ពេលខ្លះ ទឹកខ្សោយមិនចេញទៀត។ នៅក្នុងការតទឹកនេះត្រូវបង់ទឹកតែ ១០០ទៅ១៣០ដុល្លារ និងបង់ថ្លៃទឹកក្នុង១ម៉ែត្រគុបតម្លៃ៣ពាន់រៀល ហើយទិញទុយយោដាក់ខ្លួន ឯងទៀត។
ប្រជាពលរដ្ឋក៏បានអោយដឹងទៀតថា ដោយសារ លំបាកក្នុងការទិញទឹកប្រើប្រាស់ ពួកគាត់ក៏នាំគ្នា ផ្តិតមេដៃស្នើសុំទៅរដ្ឋាករទឹក ជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៥ មកម្លេះ។ នៅពេលស្នើសុំមុនដំបូងប្រជាពលរដ្ឋ មានចំនួនតិច ខាងរដ្ឋាករទឹក ថា មិនទាន់មានគម្រោងមកដល់ តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋ រហូតដល់១២៦គ្រួសារដែលបានផ្តិតមេដៃទៅហើយ នៅតែមិនបំពាក់ទឹករដ្ឋអោយទៀត។
ប្រជាពលរដ្ឋ បញ្ជាក់ ទៀតថា ពួកគាត់ស្នើសុំទឹក ជាយូរឆ្នាំ មកហើយ មិនបានទេ បើអ្នកមានលទ្ធភាព សុំតទឹក ជាលក្ខណះឯកជនបានតែត្រូវបានខាងរដ្ឋាករទឹកទារសេវ៉ាក្នុងម្នាក់ៗជាង១ពាន់ដុល្លារ នៅក្នុងភូមិ នោះ អ្នកមានលទ្ធភាពប្រមាណ៤ទៅ៥គ្រួសារ ដែលមានទឹករដ្ឋប្រើហើយ បានតចែកជួនពួកគាត់ប្រើប្រាស់បន្តទៀត។
បន្ទាប់ពីលើកគ្នាទៅសាលាខណ្ឌ ព្រែកព្នៅជួបជាមួយប្រជាពលរដ្ឋ លោក នាយករដ្ឋាបាលខណ្ឌព្រែកព្នៅក៍បានទទួលយកសុំណើរ ហើយ ក៍បានសន្យាថារាយការណ៍ ទៅខាងរដ្ឋាករទឹកដើម្បីដោះស្រាយជួនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋក៏បានទទូចសុំ ដល់លោកអភិបាលរាជធានីភ្នំពេញមេត្តជួយអន្តរាគមន៍ក៏ដូចជាលោកអគ្គនាយករដ្ឋាករទឹកស្វ័យតភ្នំពេញ ជួយសម្រួល និងតទឹករដ្ឋ អោយពួកគាត់បានប្រើប្រាស់ព្រោះរដូវប្រាំងនេះនឹងប្រឈមមុខ អត់ទឹកប្រើប្រាស់ ៕ ធឿនព្រែកជ័យ