ភ្នំពេញ ៖ ដោយសារតែសារធាតុញៀន បានធ្វើឲ្យបុរសជនជាតិអាល្លឺម៉ង់ម្នាក់ គាំងបេះដូងស្លាប់នៅក្នុងផ្ទះសំណាក់យីហោ” ន័រឌិនហោស៍” ខណៈដែលជនបរទេសរូបនេះប្រើប្រាស់ថ្នាំញៀនគ្រឿងញៀនហួសកម្រិត ។
ករណីប្រើប្រាស់ថ្នាំញៀនគ្រឿងញៀនបណ្ដាលឲ្យមនុស្សស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះសំណាក់យីហោ” ន័រឌិនហោស៍”(NORDEN HOUSE) បន្ទប់លេខ០៥ ជាន់ទី១ ផ្ទះលេខ៣ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនបរទេសនេះមាន ឈ្មោះ SCHALLER THORSTEN ជនជាតិអាល្លឺម៉ង់(GERMANY) ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទេសចរណ៍ កាន់ប័ណ្ណបើកបរលេខJ17002EPNX4(លិខិតឆ្លងដែនយកទៅធ្វើទិដ្ឋាការ) ។
យោងតាមចម្លើយបំភ្លឺរបស់បុគ្គលិក បានប្រាប់មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថា បុរសជនជាតិអាល្លឺម៉ង់រូបនេះ បានមកជួលបន្ទប់ផ្ទះសំណាក់ខាងលើស្នាក់នៅតាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ និងត្រូវត្រឡប់ទៅ ខេត្តកំពតវិញ នៅថ្ងៃទី២០ នេះ ប៉ុន្តែជារៀងរាល់ថ្ងៃគេឃើញថា ជនបរទេសរូបនេះផឹកស្រវឹងមិនលោះថ្ងៃណាឡើយ ។ លុះថ្ងៃកើតហេតុ ដោយមិត្តភ័ក្ដិជាជនបរទេសដូចគ្នា ធ្លាប់ផឹកជាមួយគ្នា បានមករកជនរងគ្រោះដល់បន្ទប់ ដោយឃើញជាប់សោទ្វារខាងក្នុងហៅមិនឆ្លើយតប ក៏ប្រាប់បុគ្គលិកផ្ទះសំណាក់ទៅបើកទ្វារមើល ស្រាប់តែចូលទៅដល់ឃើញដេកស្លាប់នៅលើគ្រែពូកបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។
ប្រភពដដែលបន្តថា ក្រោយពីមានសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌនឹងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ រួចរាយការណ៍ជូនព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញការិយាល័យ បច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានីដើម្បីបង្កើតគណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យសព ។
ជាលទ្ធផលតាមព័ត៌មានប្រមូលបាននិងការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ននិងការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំបេះដូង(អាចបណ្ដាលមកពីប្រើប្រាស់សារធាតុញៀនប្រភេទម៉កហ្វីន) ។ ចំណែកសម្ភារបន្សល់ទុកនៅបន្ទប់កើតហេតុរួមមាន៖ កុំព្យូទ័រយួរដៃ(Laptops)ចំនួន០១គ្រឿងម៉ាកACER ; ឧបករណ៍ចាក់ចម្រៀងម៉ាកJBLចំនួន០១គ្រឿង ; កាតធនាគារចំនួន០១និងប័ណ្ណបើកបរចំនួន០១ បានប្រគល់ឲ្យការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេសក្រសួងមហាផ្ទៃរក្សាទុក ។ ចំណែកកាបូបនិងខោអាវមួយចំនួន បានប្រគល់ឲ្យការិយាល័យស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរក្សាទុក ។
បច្ចុប្បន្នសព ត្រូវបានកម្លាំងជំនាញដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យ ៕ ស រស្មី