ព័ត៌មានទាន់ហេតុការណ៍៖

កំពុងឈ្ងោកអ៊ុតអាប៉ោង២អ៊ុត៤ទទឹង នគរបាលទៅដល់ក្របួចបាន៤នាក់ក្រៅពីនេះរត់បាតជើងសព្រាត

ចែករំលែក៖

ខេត្តកណ្ដាល: សមត្ថកិច្ចនគរបាលស្រុក កៀនស្វាយ និងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ បានចុះបង្រ្កាបល្បែងស៊ីសង(អាប៉ោង)មួយកន្លែងកាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គូវ ផាត ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ ឈើទាល២ ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល ដោយឃាត់ជនសង្ស័យចំនួន៤ នាក់ និងរឹបអូសវត្ថុតាងមួយចំនួន។

មន្រ្តីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ១. ឈ្មោះ ជា វណ្ណ: ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចម្ការចេក ឃុំព្រៃញី ស្រុកសំពៅមាស ខេត្ត ពោធិ៍សាត់ មុខរបរ កសិករ (ឃាត់ខ្លួន) ។

២.ឈ្មោះ អ៊ុចម្រើន ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។

៣. ឈ្មោះ ឃុន ធី ភេទ ប្រុស អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។

៤. ឈ្មោះ ប៉ិច ឡេងហៃ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (ឃាត់ខ្លួន)។

រីឯវត្ថុតាងចាប់យករួមមាន៖ ១. មេអាប៉ោងចំនួន ០២

២. ចានអាប៉ោងចំនួន ០១

៣.កម្រាលមានលេខ សម្រាប់ចាក់អាប៉ោងចំនួន ០១

៤. គម្របជ័រពណ៌ក្រហម សម្រាប់គ្របអាប៉ោង ចំនួន ០១

៥.ម៉ូតូមួយគ្រឿង ម៉ាក Scoopy I ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CN-2364

៦. កូនកន្សែងដៃ សម្រាប់ជូតមេអាប៉ោងចំនួន ០២

៧. សៀវភៅ សម្រាប់កត់លេខអាប៉ោងចំនួន ០២ ក្បាល

៨. ចានជ័រតូច ពណ៌ក្រហម សម្រាប់ដាក់ខ្សាច់ទ្រចានអាប៉ោង ចំនួន ០១

៩. ទូរស&ព្ទដៃចំនួន០៣ គ្រឿង ម៉ាក ViVo ពណ៌ខៀវចំនួន ០១ គ្រឿង ម៉ាក NoKia អ៊ិនចុចពិល ចំនួន០២ គ្រឿង ពណ៌ ខ្មៅ ០១ គ្រឿង និងពណ៌ខៀវ ០១ គ្រឿង

១០. ប្រាក់រៀល ចំនួន 60 ម៉ឺនរៀល

១១. ប៉ិចខៀវ ចំនួន ០២ ដើម។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅវេលាថ្ងៃកើតហេតុខាង កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយបានឲ្យដឹងថា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ធ្វើការល្បាត ក្នុងភូមិសាស្រ្ត ឃុំឈើទាល ហើយត្រូវបាន ប្រជាពលរដ្ឋល្អ បានរាយការណ៍មកសមត្ថកិច្ចថា មានគេកំពុងលេងល្បែង ស៊ីសង (អាប៉ោង ) ត្រង់ចំណុចផ្ទះ ឈ្មោះ គូវ ផាត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ នៅផ្ទះ ( ជើងពិកាស្វិតជើងទាំងពីរ) ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចទាំងពីរ បានចុះដល់កន្លែងកើតហេតុដើម្បីបង្រ្កាបហើយពេលដែលឃើញនគរបាលចុះដល់ អ្នកលេងល្បែងស៊ីសងជាច្រើនបាននាំគ្នារត់ ប៉ុន្តែកម្លាំងសមត្ថកិច្ច បានឃាត់បានជនសង្ស័យបានចំនួន៤នាក់ និងវត្ថុតាងដូចបានរៀបរាប់ខាងលើ នៅកន្លែងកើតហេតុតែម្តង ។

ក្រោយពីធ្វើការបង្រ្កាបរួច កម្លាំងសមត្ថកិច្ចបាននាំយក ជនសង្ស័យទាំង ៤ នាក់ និងវត្ថុតាង មកសាកសួរបន្ត នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគាត់ពិតជាបាននាំគ្នាប្រព្រឹត្តលេងល្បែងស៊ីង (អាប៉ោង) ប្រាកដមែន ទើបកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុក កំពង់បន្តចាត់ការតាមនីតិវិធីច្បាប់៕ ប្រាថ្នា


ចែករំលែក៖