ភ្នំពេញ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបជនជាតិចិន៣នាក់ បន្ទាប់ពីពួកគេបានបានបង្កហិង្សាលើភាគីជនជាតិចិនដូចគ្នា និងខ្មែរម្នាក់ រហូតឈានដល់មានការផ្ទុះអាវុធ ប៉ុន្តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ។
យោងតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញស្រាវជ្រាវព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនជាតិចិន០៣នាក់ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាឈានដល់ការផ្ទុះអាវុធ ។
មន្រ្តីដដែលបន្តថា ជនសង្ស័យចំនួន៣នាក់រួមមាន៖ ១/ឈ្មោះ YE QI FENG ហៅ IA FONG ភេទប្រុស អាយុ ៣៦ ឆ្នាំ។ ២/ឈ្មោះ ZHANG JI LIANG ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ និង៣/ឈ្មោះ ចាង អ៊ីហ្វុង (CHANG YI FONG) ភេទប្រុស អាយុ ៣១ ឆ្នាំ ។ ចំណែកជនរងគ្រោះសមត្ថកិច្ចមិនបានបញ្ជាក់អំពីអត្តសញ្ញាណនោះទេ ។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុច ផ្លូវសុភមង្គល(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុដោយសារតែជនរងគ្រោះបានវេប្រាក់ ចូលក្រុមហ៊ុនប្តូរប្រាក់របស់ជនបង្ក តែពេលជនរងគ្រោះទៅបើកប្រាក់ ជនបង្កមិនព្រមបើកឲ្យគ្រប់ចំនួន ដោយពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត ក៏កើតមានហិង្សាឡើងតែម្ដង ។
ក្រោយកើតហេតុ បក្ខពួកជនបង្កមួយចំនួនទៀតបានរត់គេចខ្លួន បច្ចុប្បន្នសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី