ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលពូកែខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ (ឆាតChat) ឲ្យផ្ញើប្រាក់ឲ្យខ្លួននោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីកន្លងមក សមត្ថកិច្ចកិច្ចចាប់បានបក្ឃពួកពីរនាក់។
តាមប្រភពព័ត៌មានពីមន្រី្តនគរបាលស្រុកបាណន់ បានឲ្យដឹងថា នៅព្រឹកថ្ងៃ ពុធ ១១ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចការស្នើសុំកិច្ចសហការអនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាលក្នុងក្រុមការងារចុះអនុវត្តដីកានាំខ្លួន ឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកគណនីហ្វេសប៊ុកអ្នកដទៃ ដើម្បី(ឆាតChat)ឲ្យគេផ្ញើប្រាក់មកឲ្យខ្លួនដោយចេតនានាពេលកន្លងមក ។
មន្រី្តនគរបាលស្រុកបាណន់ បានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី ២០ខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ធ្វើការឃាត់ខ្លួនជនស័ង្សយជាបុរស២នាក់ ក្នុងករណី (លួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន ) ក្នុងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ ហើយក្នុងសកម្មភាពជាបន្តបន្ទាប់ មានការចូលរួមរបស់ជនសង្ស័យ ឈ្មោះ រ៉ែន សារី នេះផងដែរ។
ជនសង្ស័័យរូបនេះត្រូបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ប្រាថ្នា