ព័ត៌មានទាន់ហេតុការណ៍៖

បនល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេតគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅផ្លូវលេខ១៣៤ សង្កាត់វាលវង់ ជាជម្រកក្មេងស្ទាវជក់ថ្នាំញៀន 

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវលេខ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីបារម្មពីសុវត្ថិភាពរបស់កូនចៅពួកគាត់ ព្រោះទីតាំងបនល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតគ្មានស្លាកយីហោមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៥១E0 កំពុងតែប្រមូលផ្តុំក្រុមក្មេងស្ទាវនាំគ្នាមកជប់គ្រឿងញៀនបង្កភាពអសន្តិសុខ ពេលខ្លះក្រុមក្មេងស្ទាវទាំងនោះឈ្លោះប្រកែកគ្នាឈានដល់ហិង្សា ដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យផងដែរ ។

ប្រភពពីពលរដ្ឋបានបញ្ជាក់ថា កន្លងមកពួកគាត់បានទៅប្តឹងអាជ្ញាធរដែនដី ដើម្បីឲ្យបង្ក្រាបទីតាំងខាងលើនេះជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។ តែបើសិនចុះបង្ក្រាបវិញ បានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ គឺទីតាំងនោះបន្តដំណើរការលេងធម្មតាវិញដ៏ដែល ប្រហែលជាម្ចាស់ទីតាំងមានខ្សែស្រឡាយធំជាងអាជ្ញាធរដែនដី ទើបបានជាអាជ្ញាធរមិនហ៊ានបង្រ្កាបបែបនេះ ឬមួយក៏អាជ្ញាធរត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងបនល្បែងនេះហើយមើលទៅ ។

ប្រជាពលរដ្ឋសង្ឃឹមថា គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក លីម សុភា នឹងចាត់វិធានការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញមួយនេះ ដែលពោពេញទៅដោយក្រុមក្មេងទំនើងជក់ថ្នាំញៀន តែងតែបង្កភាពអសន្តិសុខ ដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យផងដែរ ។

សូមរំលឹកថា យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យតាមបណ្ដាលសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តចុះបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ បើមិនបង្រ្កាបនោះទេអាចនឹងប្រឈមជាមួយថ្នាក់លើក្នុងការដកហូតតំណែងផងដែរ ៕ស សម


ចែករំលែក៖