ខេត្ដឧត្ដរមានជ័យ៖ រថយន្ដម៉ាកយីឌុបដឹកដំឡូងពីលើ ឈើពីក្រោម ឈ្មូញឈើល្បី ឈ្មោះ ពន្លក ប្អូនឧកញ៉ាស្រ៊ុន ម៉េងលៀង លោតឆត្រជាច្រើនជើងត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចនៅវេលាម៉ោង៨យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិខ្ទុមសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សមត្ថថកិច្ចបានអោយដឹងថា ការបង្ក្រាបរថយន្ដម៉ាកយីឌុបមួយគ្រឿង ដឹកឈើយកដំឡូងមីពីលើឈើពីក្រោមពាក់ ស្លាកលេខ ៣A០៥២១ នៅចំណុចភូមិខ្ទំ ឃុំកូនក្រៀលក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដឹកចេញពីខេត្តព្រះវិហារ គោលបំណងយកទៅចែកចាយដេប៉ូនៅខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា៖ រថយន្តដឹកឈើខាងលើជារបស់ឈ្មោះ ពន្លក ប្អូនប្រុសលោកឧកញ៉ាស្រ៊ុន ម៉េងលៀង ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនខែមកហើយ ដែលមានការត្រូវរ៉ូវគ្នាជាមួយ សមត្ថកិច្ចខេត្តឧត្ដរមានជ័យមួយចំនួនធំ។
ការបង្ក្រាបរថយន្ដដឹកឈើខាងលើគឺ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុក ជាអ្នកដឹកនាំកម្លាំងបង្រ្កាបដោយផ្ទាល់ ព្រោះថ្នាក់ខេត្តអសមត្ថភាពបង្ក្រាប(ត្រូវរ៉ូវគ្នាអស់) ទើបកម្លាំងក្រសួងចុះបង្ក្រាប ។
លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យបានអោយដឹងថា កំពុងវាស់វែងរង់ចាំម្ចាស់ចូលមកដោះស្រាយដោយផាកពិន័យ បើម្ចាស់មិនចូលខ្លួន និងដាក់បណ្ដឹងទៅតុលាការបន្ត។
បច្ចុប្បន្នរថយន្ដ និងវត្ថុតាងឈើសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើរក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល ៕ ប៉ែន នួន