ខេត្តកំពង់ធំៈ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ធំបានឲ្យដឹងថា ចាប់តាំងពីលោក ប៊ុន សុធី ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ជំនួស លោក តឹប ញាតា រួចមកគឺបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ ពុំមានការថយចុះគួរឲ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញឈ្មួញធំៗច្រើននាក់នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ និងឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងសុខស្រួលព្រោះជាប្រភពចំណូលដ៏សំខាន់របស់លោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ទន្ទឹមនឹងនេះបទល្មើសដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ស្រុកសណ្តាន់ ខេត្តកំពង់ធំ ចូលមកស្រុកសន្ទុក ស្រុកតាំងគោក និងស្រុកនានា យ៉ាងរលូន។
ថ្មីៗនេះមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើ១គ្រឿងដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រឹបអូសឈើចំនួន៤៥សន្លឹក និងបង្ក្រាបគោយន្តកន្ត្រៃ១គ្រឿងដែលដឹកអុសម៉ែត្រចំនួន៦ស្ទែរ។ ក៏ប៉ុន្តែមជ្ឈដ្ឋាននានាគ្មានជំនឿលើមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ ព្រោះពួកគេបង្ក្រាបតែឈ្មួញតូចតាចប៉ុណ្ណោះ។ ជាក់ស្តែងករណីមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាបរថយន្តដឹកឈើកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ គឺបង្ក្រាបតែរថយន្តនិងឈើជាវត្ថុតាង ហើយឈ្មួញឈ្មោះ រុន រ៉ាម៉ូ រស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ នៅតែគេចផុតពីសំណាញច្បាប់។
ប្រភពស្និទ្ធនឹងលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានឲ្យដឹងថា លោក ប៊ុន សុធី គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសព្រៃឈើតាមតួនាទីរបស់ខ្លួននោះទេ។ ជាក់ស្តែងបច្ចុប្បន្នឈ្មួញច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ស្រុកសណ្តាន់ មកចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ ហើយយូរៗម្តងទើបឃើញមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បង្ក្រាប១ករណីឬ២ករណីដើម្បីបិទបាំងបទល្មើសដែលកើតឡើងយ៉ាងគំហុក។ ជាងនេះទៅទៀតឈ្មួញធំៗដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ អាចដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកនៅពេលយប់ ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។
លោក ប៊ុនសុធី នាយខណ្ឌរដ្នបាលព្រៃឈើកំពង់ធំមិនអាចសុំការបំភ្លឺបានទេដោយសារទូស័ព្ទរបស់លោកយើងទំនាក់ទំនងជាច្រើនដងតែចូល តែទោះយ៉ាងណាជុំវិញការរឹះគន់ខាងលើយើងរងចាំជានិច្ចប្រសិនបើលោកមានឆន្ទះចង់បំភ្លឺ៕ ប៊ុនរិទ្ធី