ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្ដា ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កាឡេកង់មុខទៅលែងរួច និងបង្កឲ្យមានការកក់ស្ទះចរចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែកុម្ភៈ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តបង្កម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y-8879 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់កែងផ្លូវ១៤៣ត្រង់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំហថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ខ្ទៀតទៅកណ្ដាលផ្លូវ រីឯរថយន្តបង្កបានបែកកង់និងដាច់កាឡេទៅមុខលែងរួច ។ ចំពោះករណីខាងលើពុំមានអ្នកណាម្នាក់រងរបួសនោះទេ ។
ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានព្យាយាមគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តបង្កឲ្យសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ