ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះរាលដាលដល់ប្រាសាទ និងសារមន្ទីរនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានសេចក្ដីរាយការណ៍ពីមន្រ្តីនគរបាលនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃ អាចរាលដាលប៉ះពាល់ដល់ប្រាសាទ និងសារមន្ទីរនៃរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ។

បើតាមមន្រ្តីនគរបាលបានអោយដឹងថា ករណីនេះបណ្តាលមកពីអ្នកស្រុកដុតជើងច្រាំង តាមវាលស្រែ ខណៈមានខ្យល់ខ្លាំងភ្លើង ក៏រាលដាលមកចូលដល់បរិវេណប្រាសាទសំបូរព្រៃគុក ហើយបើតាម អំណាចភ្លើង គឺអាចនឹងបណ្តាលឲ្យមានការប៉ះពាល់ ខូចខាតប្រាសាទ និងសារមន្ទីរ។

អំពីវិធានការដោយអង្គភាពនៅទីនោះ មិនទាន់មានរថយន្តពន្លត់អគ្គិភ័យដូចនៅសៀមរាប និងបន្ទាយឆ្មារនៅឡើយ ដូច្នេះជាបឋមនេះ បានកៀងគរប្រជាជនឲ្យជួយកាច់មែកឈើវាយពន្លត់ ព្រមទាំងសុំជំនួយរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកមកជួយអន្តរាគមន៍ ប៉ុន្តែនៅតែមិនអាចទប់ស្កាត់បាន។

លោក អ៊ុច វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរបានអោយដឹងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ពេលនេះយើងអាចគ្រប់គ្រងភ្លើងបានរលត់ជាស្ថាពរហើយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖