ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យអំពើឃាតកម្មនៅក្នុងស្រែដាំឈូក ខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានឃាតកសម្លាប់ដោយចងជើងជាប់ទាំងពីរ និងចាក់ទម្លុះបំពង់កសម្លាប់ចោលរួចយកទៅបោះចោលក្នុងវាលស្រែដាំឈូក​ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយត្រូវបានប្រជារដ្ឋបាននាំគ្នាទៅដកក្រអៅឈូក និងបាចត្រីនៅក្នុងស្រែដាំឈូកនោះ ស្រាប់តែប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

សាកសពបុរសរងគ្រោះខាងលើនេះ មិនទាន់ត្រូវបាននរណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោពណ៍ខ្មៅ ជើងវែង និងពាក់អាវពណ៍ខ្មៅដៃខ្លី ។ ដោយឡែក នៅក្នុងព្រៃដំបូកជិតកន្លែងកើតហេតុនោះ ត្រូវបាននគរបាលរកឃើញមសនស្នាមឈាម ស្នាមអូសទម្លាក់ក្នុងស្រែដាំឈូក ព្រមទាំងមានស្បែកជើងផ្ទាត់១គូ និងដបទឹកសុទ្ធរួមជាមួយទុយយោជ័រដែលសង្ស័យជាសម្ភារប្រើប្រាស់គ្រឿងញៀនថែមទៀតផង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលប្រជាពលរដ្ឋខាងលើ បានដើរទៅដកក្រអៅឈូក និងបាចត្រីធ្វើម្ហូបនៅក្នុងស្រែឈូកខាងលើស្រែស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកនៅទីនោះ ។ បន្ទាប់មកពួកគាត់ក៏បានរត់ទៅប្រាប់ឲ្យអ្នកភូមិជាមួយគ្នាបានដឹងហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានទើបពេលនោះនគបាលប៉ុស្តិ៍កំបូល និងនគរបាលខណ្ឌកំបូលចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅកោសល្យវិច័យ ។

ក្រោយមកសាកសពបុរសនោះ ត្រូវបានស្រង់ឡើងគោកហើយត្រូវបានគេឃើញមានស្នាមចាក់ទម្លុះបំពង់ករហូតដល់ស្លាប់ ព្រមទាំងត្រូវបានឃាតករយកខោពណ៍ខ្មៅចងជើងទាំង២ជាប់គ្នាថែមទៀតផង រួចហើយនគរបាល នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកសាកសពទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័នដើម្បីធ្វើកោសល្យវិច័យ បន្តទៀត ៕ សុខា សែនជ័យ


ចែករំលែក៖