បើទោះបីមានការខិតខំពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង ប៉ុន្តែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋបានចោទប្រកាន់រដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព មិនគិតសុខទុក្ខពលរដ្ឋ ។
ពលរដ្ឋកូរ៉េខាងត្បូងរាប់សែននាក់ បានទាមទារចោទប្រកាន់ទោស ប្រធានាធិបតី ម៉ូន ជេអ៊ីន ពីបទយឺតយ៉ាវ នៅក្នុងការទប់ស្កាត់ឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក្នុងប្រទេសនេះ។ បច្ចុប្បន្នកូរ៉េខាងត្បូង មានករណីឆ្លង ១៣០០នាក់ និងស្លាប់ ១២នាក់ ។
តាមសារព័ត៌មាន Korea Herald បានផ្សាយថា នៅក្នុងលិខិត អេឡិចត្រូនិកលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតី មានអ្នកចុះហត្ថលេខាទាមទារចោទប្រកាន់ទោស ប្រធានាធិបតី ម៉ូន ជេអ៊ីន មានដល់ទៅ ៤សែននាក់ហើយ។
ការិយាល័យប្រធានាធិបតី ត្រូវតែមានចម្លើយផ្លូវការ ទៅលើលិខិតរបស់ពលរដ្ឋ ដែលមានការចុះហត្ថលេខា លើសពី ២សែននាក់ឡើង ក្នុងរយៈពេល១ខែ។ ពលរដ្ឋទាមទារចោទប្រកាន់ទោសដោយសារតែ មិនបានហាមប្រាមពលរដ្ឋបរទេស ពិសេសគឺមកពីប្រទេសចិន ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។
នៅក្នុងលិខិតបញ្ជាក់ថា បើទោះបីកូរ៉េខាងត្បូង ខ្វះម៉ាស់ការពារ ប៉ុន្តែ ប្រធានាធិបតីនៅតែផ្តល់ជំនួយម៉ាស់ដល់ទៅ៣លានដល់ចិន ហើយមិនមានវិធានការទប់ស្កាត់នៅក្នុងប្រទេសនោះឡើយ បណ្តាលឲ្យមានពលរដ្ឋឆ្លងរាលដាលយ៉ាងច្រើនបែបនេះ៕