សិង្ហបុរី (២ មីនា ២០២០)បន្ទាប់ពីស្ថិតក្នុងស្ថានភាពអវិជ្ជមានអស់រយៈពេលជាច្រើនខែដោយសារបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន លទ្ធភាពវិលទៅរកស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings Limited ហាក់រលាយបាត់ម្ដងទៀត បន្ទាប់ពីការវិវត្តក្នុងប្រទេសកម្ពុជានិងការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ។
បន្ទាប់ពីមានសញ្ញាវិជ្ជមានក្នុងរយៈពេលខ្លីនាដើមឆ្នាំ២០១៩ ដោយសារការលក់អគារ Chevron’s House ក្នុងប្រទេសសិង្ហបុរី លំហូរសាច់ប្រាក់មិនល្អរបស់ក្រុមហ៊ុននេះបន្តស្ថិតនៅក្រោមចំណាប់អារម្មណ៍របស់វិនិយោគិន រហូតដល់គម្រោងដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុននេះ បានទាក់ទាញក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (“CRUCG”) ឱ្យមកធ្វើជាដៃគូក្រុមហ៊ុនសាងសង់ថ្មី ដោយមានការសន្យាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផង។
ប៉ុន្តែហេតុការណ៍ដែលកើតឡើងនាពេលថ្មីៗនេះ បានបង្កឱ្យមានភាពស្រពេចស្រពិលជាខ្លាំងលើការសហការជាមួយក្រុមហ៊ុន CRUCG។ ក្រៅពីត្រូវទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច ដោយ សារតែការឆ្លងរាលដាលយ៉ាងខ្លាំងនៃមេរោគ COVID-19 ក្នុងទីផ្សារប្រទេសចិនរបស់ខ្លួន នៅមានបញ្ហាផ្លូវច្បាប់ផ្សេងទៀតរាំងស្ទះដល់ការចាប់ដៃគូជាមួយគ្នារវាងក្រុមហ៊ុន CRUCG និងក្រុមហ៊ុន Oxley ។
បញ្ហាបានកើតឡើងនៅពេលក្រុមហ៊ុន Oxley ជួលក្រុមហ៊ុនCRUCG ជំនួសក្រុមហ៊ុន Sino Great Wall International Engineering Co., Ltd. (“SGW”) សម្រាប់គម្រោងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ក្នុងការជំនួសក្រុមហ៊ុន SGW ដោយក្រុមហ៊ុន CRUCGនេះក្រុមហ៊ុន Oxley បានរំលាយកិច្ចសន្យាដែលមានរយៈពេលបួន (៤) ឆ្នាំដែលខ្លួនបានចុះជាមួយក្រុមហ៊ុន SGW ដែលនៅសល់រយៈពេលប្រហែលបី (៣) ខែទៀតប៉ុណ្ណោះគឺដល់ពេលកំណត់ដែលក្រុមហ៊ុន SGWត្រូវបញ្ចប់គម្រោង The Peak ដែលជាគម្រោងដ៏លេចធ្លោរបស់ក្រុមហ៊ុនOxley ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា។
ការរំលាយកិច្ចសន្យានេះ ទំនងជាផ្តើមចេញពីទីប្រឹក្សារបស់ក្រុមហ៊ុនOxley ដែលផ្តល់យោបល់ថាការងារក្នុងគម្រោង The Peak បានយឺតយ៉ាវជាងការគ្រោងទុកប្រមាណជាប្រាំបួន (៩) ខែ ដែលការអះអាងនេះត្រូវបានបដិសេធដោយលោក Zhu Gen Sheng អ្នកតំណាងស្របច្បាប់នៃសាខារបស់ SGW នៅកម្ពុជា ។
“ដោយសារតែមានការប្រែប្រួលជាធម្មតា ព្រោះបញ្ហាប្រឈមត្រូវបានរកឃើញតែនៅពេលដែលការងារចាប់ផ្តើមដំណើរការនៅការដ្ឋាននិងដោយសារមានការពន្យាពេលរបស់អ្នកប្រឹក្សាយោបល់ក្នុងការបញ្ជាក់ដំណាក់កាលការងារដែលបានបំពេញ យើងបានប៉ាន់ស្មានថាការពន្យារពេលអាចមានរយៈពេលប្រហែល បី (៣) ខែ។ “
“យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមានការរំលាយកិច្ចសន្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៩ ដោយយើងបានចាប់ផ្តើមការងារលើគម្រោង The Peak នៅខែកុម្ភៈឆ្នាំ ២០១៦ ហើយរំពឹងថានឹងបញ្ចប់នៅខែ មេសា ឆ្នាំ២០២០ ឬ បី (៣) ខែក្រោយការគ្រោងទុក ។”
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោក Zhu បានមានប្រសាសន៍ថាមូលហេតុដែលផ្តល់ឲ្យដោយក្រុមហ៊ុន Oxley ចំពោះការរំលាយកិច្ចសន្យានេះ គឺដោយសារបញ្ហាហិរញ្ញវត្ថុដែលក្រុមហ៊ុនមេរបស់ SGW(ក្រុមហ៊ុន Sino Great Wall Co., Ltd.) កំពុងជួបប្រទះក្នុងប្រទេសចិន ។
“យើងបានបញ្ចប់ការសាងសង់ដែលមានការបញ្ជាក់ត្រឹមត្រូវ ៧០%នៅដើមខែតុលា ២០១៩ ដោយមានកម្មករជាង ១០០០ នាក់នៅការដ្ឋានធ្វើការបន្ថែមវេន ។ សម្ភារៈសំណង់ និងគ្រឿងភ្ជាប់ដែលចាំបាច់នានាបានមកដល់ ហើយរួចរាល់សម្រាប់ការដំឡើង។ ដូច្នេះ តើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេរបស់យើងនៅប្រទេសចិន មានផលប៉ះពាល់លើគម្រោងនេះនៅកម្ពុជាបានដោយរបៀបណា?”
កាន់តែអាក្រក់ជាងនេះទៅទៀត លោក Zhu បានឲ្យដឹងថាក្រុមហ៊ុនOxley បានពន្យារពេលបង់ប្រាក់ដែលដល់កំណត់ត្រូវបង់ ហើយព្យាយាមឱ្យក្រុមហ៊ុន SGW ចេញពីការដ្ឋានដោយប្រញាប់ប្រញាល់។
“យើងបានបន្តបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងបានដោះស្រាយបញ្ហាវិការៈ ទោះបីបញ្ហានេះត្រូវបានលើកឡើងបន្ទាប់ពីការជូនដំណឹងអំពីការរំលាយកិច្ចសន្យា ដោយសារយើងផ្ដល់តម្លៃទៅលើការផ្ដល់ឱ្យអតិថិជនរបស់យើងនូវសេវាល្អបំផុតជានិច្ច។”
“ប៉ុន្តែក្រោយមកក្រុមហ៊ុន Oxley បានដាក់ពាក្យសុំដីកាអនុវត្តបណ្តោះអាសន្នពីតុលាការ ដែលត្រូវបានអនុវត្តដោយបង្ខំកាលពីសប្ដាហ៍មុន គឺនៅថ្ងៃទី២៥ កុម្ភៈ ២០២០។ ហេតុការណ៍នេះបានបង្កឱ្យកម្មកររបស់យើងមួយចំនួនរងរបួស និងអ្នកខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ។”
ខណៈពេលដែលប្រាក់ដែលដល់កំណត់ត្រូវបង់មិនទាន់ត្រូវបានបង់ហើយត្រូវបានបណ្តេញចេញដោយបង្ខំថែមទៀតនោះ ឥឡូវនេះក្រុមហ៊ុនSGW កំពុងចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ដើម្បីការពារផលប្រយោជន៍របស់ខ្លួននៅការដ្ឋានគម្រោង The Peak ។ លោក Zhuបានមានប្រសាសន៍ថា ការវិវត្ដទាំងអស់នេះកំពុងត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុន CRUCG ។
“ប្រសិនបើនេះគឺជាអ្វីដែលក្រុមហ៊ុន Oxley ប្រព្រឹត្តមកលើដៃគូពីប្រទេសចិនរបស់ខ្លួន ករណីដូចគ្នានេះក៏អាចកើតមានលើពួកគេផងដែរ។”
លោក Zhu បានកត់សម្គាល់ថា ក្រុមហ៊ុន SGW ក៏បានផ្តល់ការទំនុកបម្រុងយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន Oxley អស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរីនេះស្ថិតក្រោមការពិនិត្យតាមដានយ៉ាងខ្លាំងកាលពីឆ្នាំមុនចំពោះបន្ទុកបំណុលដ៏ធំរបស់ខ្លួនដែលមានចំនួនជិត ៣ ពាន់លានដុល្លារសិង្ហបុរី ខណៈដែលប្រាក់ចំណូលរបស់ខ្លួនមានចំនួនតិចជាងបំណុលនេះឆ្ងាយ។
“ដំបូងឡើយ យើងត្រូវបានចុះកិច្ចសន្យាឱ្យធ្វើការសាងសង់លើគម្រោងធំៗចំនួនបីរួមមាន The Bridge, The Palms និង The Peak។”
“យើងបានចាប់ផ្តើមការងារលើគម្រោង The Bridge នៅខែសីហាឆ្នាំ២០១៤ ហើយបានបញ្ចប់គម្រោងនេះនៅខែមីនា ឆ្នាំ២០១៨ ដែលយឺតជាងការគ្រោងទុក ៤ (បួន) ខែ បើទោះបីជាក្រុមហ៊ុន Oxley បានអះអាងថាយើងបានពន្យារពេលអស់ជាង ៧ (ប្រាំពីរ) ខែក៏ដោយ។”
“សម្រាប់គម្រោង The Palms ការងារសាងសង់បានចាប់ផ្តើមនៅខែមីនាឆ្នាំ ២០១៨ ប៉ុន្តែក្រោយមកក្រុមហ៊ុន Oxley បានចរចាឡើងវិញជាមួយយើងដោយសារបញ្ហាហិរញ្ញវត្ថុ។ ដូច្នេះយើងបានបញ្ឈប់ការងារនៅលើគម្រោង The Palms នៅខែមករា ឆ្នាំ ២០១៩ ដើម្បីផ្តោតលើគម្រោង The Peak តាមការស្នើសុំរបស់ក្រុមហ៊ុន Oxley ។ ”
“ការសាងសង់គម្រោង The Peak បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០១៦ ហើយគ្រោងបញ្ចប់នៅចុងខែមករាឆ្នាំ ២០២០។ យើងនៅតែបន្តការសាងសង់ពីព្រោះយើងជឿជាក់ថាវាជាការត្រឹមត្រូវក្នុងការបន្តការគាំទ្រដល់អតិថិជនរបស់យើង ទោះបីជាមានរបាយការណ៍អំពីបញ្ហាបំណុលរបស់ពួកគេ និងទោះបីជាការបង់ប្រាក់ត្រូវបានពន្យារពេលក៏ដោយ។”
“យើងនៅតែមិនច្បាស់ថាហេតុអ្វីបានជាក្រុមហ៊ុន Oxley ធ្វើអាក្រក់បែបនេះចំពោះយើង បន្ទាប់ពីយើងបានជួយគាំទ្រពួកគេរហូតមក។ យើងបានទទួលការបង់ប្រាក់ចុងក្រោយ សម្រាប់គម្រោង The Bridge និង The Palms ១៨ខែ និង ១០ខែក្រោយពេលកំណត់ ហើយឥឡូវនេះយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ដើម្បីទទួលបានការបង់ប្រាក់ដែលនៅជំពាក់សម្រាប់ការងារលើគម្រោង The Peak ។”