ខេត្តកំពត៖គម្រោងធ្វើឱ្យប្រសើរឡើងវិញ ផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពត ប្រវែង ១៣៤,៨២៦ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន ៦៩ភាគរយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២០ ។ គម្រោងនេះនឹងត្រូបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២២ ។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអះអាងថាក្រសួងបានយកចិត្តទុកដាក់តាមដាន និងជម្រុញឱ្យក្រុមហ៊ុនសាងសង់ ស្រោចទឹកជាប្រចាំ ជាពិសេសតំបន់ទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់ (ដីហុយ) ផងដែរ ដែលអាចបង្កឱ្យកើតមានជម្ងឺផ្សេងៗ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុក្នុងពេលធ្វើដំណើរ ។ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមកុំបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវរបស់យើងឆាប់ខូចខាត នាំឱ្យខាតបង់ថវិកាជាតិផងដែរ ។
គួររំលឹកថា ពិធីបើកការដ្ឋានគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃចន្ទ ០៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្ដមានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអោយដឹងថា គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ(ចោមចៅ) ដល់ក្រុងកំពត ។ គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ នេះដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។
គម្រោងខាងលើចែកចេញជាពីរកំណាត់ដូចខាងក្រោម៖
១-កំណាត់ទី១: ភ្នំពេញ (ចោមចៅ)-បែកគូស
កំណាត់ផ្លូវចាប់ពីភ្នំពេញ (ចោមចៅ) ដល់បែកគូស មានប្រវែង ៦៩,៩០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ ដែលក្នុងនោះរួមមាន៖
គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ និងមានគម្លាត ០,៥០ម៉ែត្រ ចេញពីសងខាងសួនកណ្តាល ។ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់ម៉ូតូ ទទឹង ៥ម៉ែត្រ ចែកជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ២,៥០ម៉ែត្រ។
ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ២ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ សងខាងផ្លូវ
សាងសង់លូជ្រុងចំនួន ១៧កន្លែង លូមូលចំនួន ១០២កន្លែង លូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ២៣៦កន្លែង។ សាងសង់ស្ពានថ្មីចំនួន ១០កន្លែង ទទឹង ១២ម៉ែត្រ ប្រវែងសរុប ៣៩៨ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែង ទទឹង ២៤ម៉ែត្រ និង ២៩ម៉ែត្រ ប្រវែងសរុប ៣០ម៉ែត្រ។
បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាព។
២-កំណាត់ទី២: បែកគូស-ក្រុងកំពត កំណាត់ផ្លូវចាប់ពីបែកគូស ដល់ក្រុងកំពត មានប្រវែង ៦៤,៩២៦គីឡូម៉ែត្រ ត្រូវ ពង្រីកទ
ទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ លើទទឹងតួផ្លូវសរុប ១២ម៉ែត្រ ដែលក្នុងនោះរួមមាន៖
គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ៧,៥០ម៉ែត្រ ចែកជា ២គន្លង (១គន្លងទៅ ១គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ។ គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់ម៉ូតូ ទទឹង ៣,៥០ម៉ែត្រ ចែកជា ២គន្លង (១គន្លង ទៅ ១គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ១,៧៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៥០ម៉ែត្រ សងខាងផ្លូវ។
សាងសង់លូជ្រុងចំនួន ១៧កន្លែង លូមូលចំនួន ៧៥កន្លែង លូដាក់តាម ប្រឡាយសងខាងផ្លូវចំនួន ៣៥កន្លែង។ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាព ។ គម្រោងនេះចំណាយថវិកាសរុបប្រមាណ ២១៩,៩១១លានដុល្លារអាមេរិក ជា
ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ពន្ធអាករ និងសួយសារ។
កំណាត់ផ្លូវជាតិនេះ នឹងក្លាយជាផ្លូវមួយដ៏ទំនើបនៅកម្ពុជា មានភាពរឹងមាំ ធំទូលាយ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាម ដងផ្លូវ ការកកស្ទះចរាចរណ៍ និងជាពិសេសជួយសម្រួលដល់ការធ្វើចរាចរណ៍នៅលើផ្លូវជាតិលេខ៤ បានមួយកម្រិតថែមទៀត។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តទៀតថា ផ្លូវជាតិលេខ៣ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េលេខ១២៣ ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង៕
ហេង សូរិយា