ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ការប្រមូលប្រាក់ដុល្លារ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ចេញពីកម្ពុជា គឺដើម្បីលើកកម្ពស់ និងជំរុញការប្រើប្រាស់«ប្រាក់រៀល»ឱ្យកាន់តែទូលាយ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំរវាងធនាគារជាតិ ជាមួយគ្រប់ស្ថាប័នហិរញ្ញវត្ថុ សម្រេចមានពេល៣ ខែ យកក្រដាស ១$ ២$ និង ៥$ ឱ្យធនាគារជាតិដើម្បីបញ្ជូនចេញពីកម្ពុជា គឺដើម្បីលើកកម្ពស់ និងជំរុញ ការប្រើប្រាស់ « ប្រាក់រៀល » ឱ្យកាន់តែ ទូលាយ
សូមបញ្ជាក់ថា៖ គ្រប់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុមានពេល ៣ខែពោលពីថ្ងៃទី ១ មិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ យកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ ដុល្លារ  ឱ្យ ធនាគារជាតិ នៃ កម្ពុជា (NBC) ដើម្បីដឹកជញ្ជូនចេញពីកម្ពុជា ។ នេះបើ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ NBCនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ នេះ ការប្រមូលប្រាក់ ដុល្លារ តូចៗ ទាំងនេះ ចេញពី កម្ពុជា នេះ គឺ ដើម្បី លើកកម្ពស់ និង ជំរុញ ការប្រើប្រាស់ « ប្រាក់រៀល » ឱ្យ កាន់តែ ទូលាយ ។

នេះជាការខិតខំប្រឹងប្រែងរបស់ ធនាគារជាតិ នៃកម្ពុជា ដើម្បីជំរុញតម្រូវការ ប្រើប្រាស់ ប្រាក់រៀល ក្នុងចរន្តសេដ្ឋកិច្ច ជាពិសេស សម្រាប់ប្រតិបត្តិការ នានា ដែលមានទំហំតូច ពីការប្រើប្រាស់ ក្រដាសប្រាក់១ ដុល្លារ ២ដុល្លារ និង ៥ ដុល្លារនេះ ជំនួសដោយប្រាក់រៀលវិញ នោះ។
តាមរយៈនេះ ធនាគារជាតិ នៃកម្ពុជា បាន ទុកពេលក្នុងរយៈពេល ៣ខែខាងលើ ក៏ដូចជាការលើកទឹកចិត្ត ដល់គ្រឹះ ធនាគារ និង ហិរញ្ញវត្ថុទាំងអស់ ក្នុងការ ប្រមូលប្រាក់ ដុល្លារ តូចៗ ទាំងនេះ  មកធនាគារជាតិ វិញ ដើម្បីដឹកជញ្ជូនទៅ ក្រៅប្រទេស គឺឥតគិត កម្រៃសេវាឡើយ ។

ធនាគារជាតិ នៃ កម្ពុជា (NBC) បានបញ្ជាក់ថា៖បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ តទៅ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ទាំងអស់នឹងក្លាយជាអ្នករ៉ាប់រងលើថ្លៃ ដឹកជញ្ជូនក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ចេញពីកម្ពុជាវិញ  ដោយ ធនាគារជាតិ នឹងផ្ទេរការចំណាយ ដឹកប្រាក់ នេះទៅស្ថាប័នហិរញ្ញវត្ថុនីមួយៗ។

បើតាម ធនាគារជាតិ នៃកម្ពុជា ក្នុង រយៈពេល៦ ខែចុង ក្រោយនេះ ប្រាក់រៀល ក៏ដូចជា រូបិយប័ណ្ណ ក្នុងតំបន់បាន ធ្លាក់ថ្លៃ គួរឱ្យកត់សម្គាល់ ធៀបនឹង ប្រាក់ដុល្លារ អាមេរិក ។ ធនាគារជាតិ អះអាងថា ចំពោះ ប្រទេស ក្នុង តំបន់ តម្លៃរូបបិយប័ណ្ណ របស់គេធ្លាក់ថ្លៃ ដោយសារការធ្លាក់ចុះនៃ ការនាំចេញ និងលំហូរចេញមូលធន ។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះ នៃថ្លៃ ប្រាក់រៀល គឺដោយសារ តម្រូវ ការប្រាក់ រៀល ធ្លាក់ចុះ ( ដែលជា ចម្បង បណ្ដាលមកពី ថមថយ សកម្មភាព សេដ្ឋកិច្ច ក្នុងស្រុក និង ការធ្លាក់ចុះ តម្រូវការ ប្រាក់រៀល សម្រាប់ បង់ពន្ធ ) ។ ដូច្នេះ ធនាគារជាតិបានបញ្ជាក់ថា ៖« ការប្រមូលប្រាក់ ដុល្លារ តូច ទាំងនេះ ចេញពី កម្ពុជា គឺ ដើម្បី ពង្រឹង ឯករាជ្យ នៃ គោលនយោបាយ រូបិយវត្ថុ និង ជំរុញ កំណើនសេដ្ឋកិច្ច ឱ្យមាន ប្រសិទ្ធភាព នោះ តាមរយៈ ការប្រើប្រាស់ ប្រាក់រៀល ឱ្យបាន ទូលំទូលាយ ជាង មុន ដោយ គួរ ចាប់ផ្ដើម ពី ការចាយវាយ លើ ប្រតិបត្តិការ ទំហំ តូច ទៅ ។ ដូច្នេះ ការទុកឱ្យ ចរាចរ ក្រដាសប្រាក់ ដុល្លារ អាមេរិក ប្រភេទ តូចៗ នេះ គឺជា ឧបសគ្គ មួយ ក្នុងការ ជំរុញ ការប្រើប្រាស់ ប្រាក់រៀល » ។
សូមអាននូវខ្លឹមសារលម្អិតពី សេចក្តីប្រកាសព័ត៌មាន របស់ ធនាគារជាតិ នៃកម្ពុជា ស្តីពី៖ កិច្ចប្រជុំពិភាក្សាអំពី បញ្ហាប្រឈម នៃការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅកម្ពុជា ៕

 

ដោយ៖សិលា


ចែករំលែក៖